(មូស្គូ)៖ រុស្ស៊ីបានព្រមានប្រទេសអាមេនីអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើខ្លួននៅតែចង់ក្លាយជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលទើបនឹងបានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។

អាមេនី ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្រ្តរបស់រុស្ស៉ី ហើយចំណងមិត្តភាពកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ចាប់តាំងពីលោក ពូទីន បញ្ជាឲ្យមានការឈ្លានពានអ៊ុយក្រែននោះ កំពុងឆ្ពោះទៅរកការក្លាយជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាវិធានការក្រោមយុត្តាធិការរបស់ ICC។ ផ្អែកលើប្រភពមួយពីក្រសួងការបរទេសរុស្ស៊ី RIA ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ទីក្រុងមូស្គូចាត់ទុកផែនការរបស់អាមេនី ស្តីពី ICC «ជារឿងមិនអាចទទួលយកបាន»

រុស្ស៊ីបានព្រមានអំពី «ផលវិបាកអវិជ្ជមានយ៉ាងខ្លាំង» សម្រាប់ទំនាក់ទំនងទ្វេភាគី ប្រសិនបើទីក្រុងយ៉េរ៉េវ៉ាន់ បន្តផែនការដែលនឹងត្រូវផ្តល់សច្ចាប័នដោយសភាអាមេនីបន្ទាប់ពីតុលាការធម្មនុញ្ញអនុម័ត ដើម្បីក្លាយជាសមាជិករបស់ ICC។ យ៉ាងនេះក្តី ប្រទេសអាមេនី មិនទាន់មានការឆ្លើយតបទេ ជុំវិញព័ត៌មាននេះ។

គួរបញ្ជាក់ថា ដីការបស់ ICC នឹងធ្វើឲ្យស្មុគស្មាញដល់ផែនការធ្វើដំណើរជាសកលរបស់លោក ពូទីន ប្រសិនបើប្រទេសដែលលោកចង់ទៅគឺជាភាគីផ្លូវការនៃលក្ខន្តិកៈទីក្រុងរ៉ូម។ ប្រទេសដែល លោក ពូទីន អាចធ្វើដំណើរទៅក្នុងឆ្នាំ២០២៣នេះ រួមមានអាហ្រ្វិកខាងត្បូង និងតួកគី ហើយកន្លងមកមេដឹកនាំរុស្ស៊ីរូបនេះ តែងតែធ្វើដំណើរឆ្លងកាត់ដែនដីអតីតសហភាពសូវៀត រួមទាំងទៅកាន់ប្រទេសអាមេនី ផងដែរ ជាកន្លែងដែលរុស្ស៊ីមានកងទ័ពរក្សាសន្តិភាព និងមូលដ្ឋានយោធា នៅទីនោះ៕