(សៀងហៃ)៖ អតីតប្រធានាធិបតិតៃវ៉ាន់ លោក ម៉ា យីងជីវ (Ma Ying Jeou) បានធ្វើដំណើរទៅដល់ប្រទេសចិននាថ្ងៃចន្ទនេះ ដែលជា​ដំណើរទស្សនកិច្ចឆ្លងច្រកសមុទ្រតៃវ៉ាន់ លើកដំបូងបង្អស់ ធ្វើឡើងដោយអតីតមេដឹកនាំ ឬមេដឹកនាំបច្ចុប្បន្នរបស់ដែនកោះនេះ ក្នុងរយៈពេលប្រមាណ​ជាង៧ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

លោក ម៉ា បានទៅដល់ទីក្រុងសៀងហៃ ហើយត្រូវបានទទួលស្វាគមន៍ដោយក្រុមមន្រ្តីរដ្ឋាភិបាលចិន និងក្រុមមន្រ្តីនៃទីក្រុងសៀងហៃ។ មុនពេលចេញដំណើរ លោក ម៉ា បាននិយាយដូច្នេះថា «ខ្ញុំសង្ឃឹមថានឹងអាចជួយធ្វើឱ្យប្រសើរឡើង នូវបរិយាកាសរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដោយជំរុញការធ្វើប្រាស្រ័យរវាងយុវជន»។ បើតាមការិយាល័យរបស់លោក ដំណើរទស្សនកិច្ចរយៈពេលសរុប១២ថ្ងៃរបស់លោក ម៉ា នៅប្រទេសចិន គឺមិនមានជំនួបផ្លូវការណាមួយឡើយ ដ្បិតការផ្តោតសំខាន់គឺទៅលើ ការសម្តែងក្តីគោរពចំពោះបុព្វបុរស​របស់លោក ហើយនិងការលើកកម្ពស់ការដោះដូរបទពិសោធរវាងយុវជន។

យ៉ាងណាក្តី ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះ ប្រធាធិបតីតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) ​បានចោទប្រកាន់លោក ម៉ា ថា កំពុងសម្តែងការគាំទ្រចំពោះ គោលនយោបាយតៃវ៉ាន់របស់ទីក្រុងប៉េកាំង តាមរយៈទស្សនកិច្ចរបស់លោក។ តៃវ៉ាន់និងចិនបានបែកផ្លូវគ្នា កាលពីឆ្នាំ១៩៤៩ ក្រោយសង្រ្គាមស៉ីវិលមួយ ដែលទទួលជ័យជម្នះ ដោយគណបក្សកុម្មុយនិស្ត ហើយរដ្ឋាភិបាលជាតិនិយម (Kuomintang) របស់លោក ចាង កៃជាក (Chiang Kai Shek) ដែលទទួលបរាជ័យ បានរត់ទៅកាន់កោះតៃវ៉ាន់។

គួរបញ្ជាក់ថា លោក ម៉ា គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្សគួមីនតាង​ (Kuomintang) ដែលសព្វថ្ងៃជាបក្សប្រឆាំងនៅតៃវ៉ាន់ និងគាំទ្រចង់ឱ្យទំនាក់ទំនងមានភាពកក់ក្តៅ ជាមួយទីក្រុងប៉េកាំង។ កំលុងអាណត្តិដឹកនាំកាលពីចន្លោះឆ្នាំ២០០៨-២០១៦ របស់លោក ម៉ា ទំនាក់ទំនងរវាងតៃវ៉ាន់និងចិនមានភាពប្រសើរឡើងគួរកត់សម្គាល់ រហូតដល់មានកិច្ចប្រជុំកំពូលរវាងលោក ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅឯប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ ថែមទៀតផង។

នៅឆ្នាំក្រោយនេះ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី ដោយគណបក្សគួមីនតាង និងគណបក្សកាន់អំណាច DPP នឹងជាគូប្រជែងចម្បង ប៉ុន្តែលោកស្រី សៃ នឹងមិនឈរឈ្មោះទេ ដ្បិតលោកស្រីកាន់អំណាចបានគ្រប់២អាណត្តិហើយ ចាប់តាំងឆ្នាំ២០១៦មក៕