(បែរឡាំង)៖ អាកាសយានដ្ឋាន ស្ថានីយ៍រថយន្តក្រុង និងរថភ្លើងនៅទូទាំងប្រទេសអាល្លឺម៉ង់ ត្រូវជាប់គាំងនៅព្រឹកថ្ងៃចន្ទនេះ ដោយសារតែការធ្វើកូដកម្មដ៏ធំមិនធ្លាប់មានរយៈពេលមួយទស្សវត្សរ៍មកនេះ ហើយបានរំខានដល់អ្នកធ្វើដំណើរ និងអ្នកទេសចរណ៍រាប់លាននាក់ នៅដើមសប្តាហ៍ដ៏មមាញឹកក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

កូដកម្មរយៈពេល ២៤ម៉ោងខាងលើ ដែលធ្វើឡើងតាមការអំពាវនាវរបស់សហជីពពាណិជ្ជកម្ម Verdi ព្រមទាំងសហជីពផ្លូវដែក និងដឹកជញ្ជូន EVG គឺជាសកម្មភាពថ្មីចុងក្រោយ ក្នុងចំណោមសកម្មភាពតវ៉ាជាច្រើនដោយក្រុមបុគ្គលិកការងារ ដែលបានកើតមានឡើង កំលុងពេលប៉ុន្មានខែមកនេះ នៅតាមប្រទេសសេដ្ឋកិច្ចធំៗក្នុងទ្វីបអឺរ៉ុប ខណៈដែលបញ្ហាឡើងថ្លៃស្បៀងអាហារនិងថាមពល បានជះឥទ្ធិពលទៅលើកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ អាកាសយានដ្ឋានធំជាងគេចំនួន២ របស់អាល្លឺម៉ង់ គឺនៅទីក្រុងមូនិក (Munich) និងទីក្រុងហ្វ្រងហ្វឺត (Frankfurt) បានផ្អាកជើងហោះហើរ ខណៈដែលសេវាកម្មផ្លូវដែកចម្ងាយឆ្ងាយ ត្រូវបានលុបចោលដោយប្រតិបត្តិករផ្លូវដែក ដចជឺ បាញ (Deutsche Bahn) របស់អាល្លឺម៉ង់។

សហជីព Verdi កំពុងតំណាងបុគ្គលិកប្រហែល ២.៥លាននាក់ក្នុងវិស័យសាធារណៈនានា រួមទាំងការដឹកជញ្ជូន និងនៅព្រលានយន្តហោះ ខណៈដែលសហជីពផ្លូវដែក និងដឹកជញ្ជូន EVG តំណាងឲ្យបុគ្គលិកប្រហែល២៣០,០០០នាក់ នៃប្រតិបត្តិករផ្លូវដែក Deutsche Bahn ក៏ដូចជាក្រុមហ៊ុនរថយន្តក្រុង។ លោក ហ្វ្រង វើណេក (Frank Werneke) ប្រធានសហជីពការងារ Verdi បាននិយាយថា ការងារគឺជាកត្តាសំខាន់នៃការរស់រានមានជីវិត សម្រាប់កម្មកររាប់លាននាក់ ចំពេលមានអតិផរណាខ្ពស់។ ចំណែក ប្រធានសហជីព EVG លោក ម៉ាទីន ប៊ួឃឺត (Martin Burkert) បាននិយាយថា និយោជកនៅមិនទាន់ផ្តល់ឲ្យពួកគេនូវអ្វីដែលសម្រេចបាននោះទេ ហើយព្រមានថា កូដកម្មព្រមានបន្ថែមទៀតអាចធ្វើទៅបាន រួមទាំងក្នុងអំឡុងពេលបុណ្យអីសស្ទឺ (Easter) ខាងមុខនេះ។

ដោយឡែក ប្រតិបត្តិករផ្លូវដែក Deutsche Bahn បាននិយាយថា ការធ្វើកូដកម្មបែបនេះ «ជារឿងហួសហេតុទាំងស្រុង គ្មានមូលដ្ឋាន និងមិនចាំបាច់» ហើយនិយោជកកំពុងព្រមានថា ការផ្តល់ប្រាក់ឈ្នួលខ្ពស់សម្រាប់កម្មករដឹកជញ្ជូន នឹងបណ្តាលឱ្យថ្លៃឈ្នួលឡើងខ្ពស់ និងតម្លៃពន្ធឡើងខ្ពស់ជាងមុន។

គួរបញ្ជាក់ថា តម្លៃទំនិញប្រើប្រាស់អាល្លឺម៉ង់បានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែកុម្ភៈ ពោលគឺកើនឡើង 9.3% ធៀបនឹងឆ្នាំមុន ដោយសារសម្ពាធនៃការចំណាយនៅតែមាន បើទោះបីជាធនាគារកណ្តាលអឺរ៉ុបបាននិងកំពុងព្យាយាម ទប់ទល់នឹងការកើនឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ក៏ដោយ៕