(តូក្យូ)៖ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សុ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយថា ក្នុងនាមជាប្រទេសមួយដែលធ្លាប់រងនូវការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ជប៉ុនចាត់ទុកការសម្រេចចិត្តរបស់រុស្ស៊ី លើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន នៅប្រទេសបេឡារុស គឺជារឿងមិនអាចទទួលយកបាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

លោក ម៉ាស៊ូណូ បានគូសបញ្ជាក់ថា «ប្រទេសជប៉ុនសូមថ្កោលទោសការសម្រេចចិត្តរបស់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅឯបេឡារុស ហើយវានឹងនាំឲ្យមានការកើនឡើង នូវជម្លោះបន្ថែមទៀតនៅក្នុងអ៊ុយក្រែន។ យើងកំពុងអំពាវនាវឲ្យរុស្ស៊ី និងបេឡារុស បញ្ឈប់សកម្មភាពណាដែលអាចបង្កើនភាពតានតឹង»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ពូទីន បានប្រកាសថា តាមសំណើរបស់ប្រទេសបេឡារុស រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅទីនោះ ស្រដៀងទៅនឹងរបៀបដែលសហរដ្ឋអាមេរិកបានធ្វើជាយូរមកហើយ នៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន។ ទីក្រុងមូស្គូ បានប្រគល់ប្រព័ន្ធការពារមីស៉ីល Iskander ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ ដល់ទីក្រុងមីនស្ក៍ (Minsk) រួចហើយ ខណៈទីតាំងពិសេសសម្រាប់ផ្ទុកអាវុធនុយក្លេអ៊ែរ នឹងត្រូវសាងសង់ឡើងក្នុងទឹកដីបេឡារុស នាថ្ងៃទី១ ខែកក្កដា៕