(កដ្ឋមណ្ឌូ)៖ អាជ្ញាធរអាកាសចរណ៍ស៉ីវិលនេប៉ាល់ (CAAN) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានផ្អាកតួនាទីរបស់បុគ្គលិក២នាក់ ផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស សម្រាប់ការធ្វេសប្រហែស ក្រោយយន្តហោះ២គ្រឿងប៊ិះនឹងប៉ះទង្គិចគ្នា នៅលើផ្ទៃអាកាសក្នុងរដ្ឋធានីកដ្ឋមណ្ឌូ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យ អាជ្ញាធរ CAAN ក៏បានសរសេរលិខិតផ្ញើទៅកាន់ អាជ្ញាធរអាកាសចរណ៍ស៉ីវិលឥណ្ឌា (DGCAI) ផងដែរ ដើម្បីស្នើសុំឱ្យ​មានការស៉ើបអង្កេត ពីសំណាក់ភាគីឥណ្ឌា ជុំវិញមូលហេតុអ្វីបានជាយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ Air India ដែលត្រូវស្ថិតនៅ​រយៈកម្ពស់៥,៨០០ម៉ែត្រ ដើម្បីរង់ចាំចុះចត នៅអាកាសយានដ្ឋានកដ្ឋមណ្ឌូ សុខៗស្រាប់តែបន្ទាបខ្លួនចុះ ហើយខ្វះតែបន្តិចនឹងត្រូវបុកគ្នា​ជាមួយយន្តហោះរបស់អាកាសចរណ៍ Nepal Airlines ដែលកំពុងហោះហើរ នៅរយៈកម្ពស់៤,៥៧២ម៉ែត្រ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ដោយយន្តហោះអាកាសចរណ៍ Nepal Airlines មានគោលដៅពីរដ្ឋធានីគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ី ឆ្ពោះមកទីក្រុងកដ្ឋមណ្ឌូ ខណៈយន្តហោះរបស់ Air India មានគោលដៅចេញពី​រដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹកមួយនេះ របស់ប្រទេសនេប៉ាល់។ យន្តហោះទាំងពីរ​បានបញ្ចៀសការប៉ះទង្គិចគ្នា ដោយសារតែការផ្តល់ដំណឹងនៃប្រព័ន្ធប្រកាសអាសន្នរបស់យន្តហោះផ្ទាល់៕