(មូស្គូ)៖ ប្រទេសរុស្ស៊ី គ្រោងនឹងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្ររបស់ខ្លួន ក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក សម្រាប់ជាទីតាំងមូលដ្ឋាននៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Torpedo Poseidon នៅដើមឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

កាលពីខែមករាកន្លងទៅ រុស្ស៊ីឲ្យដឹងថា ខ្លួនផលិតបានសំណុំដំបូងនៃនាវាមុជទឹក Torpedoes Poseidon ក្នុងរយៈពេល ៤ឆ្នាំ បន្ទាប់ពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីប្រភេទអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីនេះ ដោយប្រើការផ្គត់ផ្គង់ថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន។ មានការបញ្ជាក់លម្អិតតិចតួចប៉ុណ្ណោះអំពីវត្តមាននាវាមុជទឹក Torpedo Poseidon ជាសាធារណៈ ប៉ុន្តែនាវាមុជទឹកប្រភេទនេះមានសមត្ថភាពបំពាក់មីស៉ីល និងដ្រូន ដែលអាចបាញ់ចេញពីនាវាមុជទឹកបាន។

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់មន្រ្តីការពារជាតិរុស្ស៉ី ដែលគូសបញ្ជាក់ថា «ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្នេរសមុទ្រ សម្រាប់មូលដ្ឋាននាវាមុជទឹកពិសេសចំនួនពីរនៅឯតំបន់កាំឆាតកា (Kamchatka) គ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ»។ ប្រភពដដែលបានបន្ថែមថា កងពលថ្មីមួយកំពុងត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកងកម្លាំងនាវាមុជទឹកនៃកងនាវាចរប៉ាស៊ីហ្វិក ដែលនឹងរួមបញ្ចូលមិនត្រឹមតែតំបន់បែលហ្គូរូដ (Belgorod) និងតំបន់ខាបារ៉ូវស្ក៍ (Khabarovsk) ប៉ុណ្ណោះទេ ប៉ុន្តែក៏មានកងនាវាមុជទឹកផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា មូលដ្ឋាននាវាមុជទឹកនុយក្លេអ៊ែរបាលីស្ទីកនៃកងនាវាចរតំបន់ប៉ាស៊ីហ្វិករបស់រុស្ស៊ី មានទីតាំងនៅឆ្នេរភាគអាគ្នេយ៍នៃតំបន់ Kamchatka ក្នុងទិសចុងបូព៌ារុស្ស៊ី។ មីស៉ីល Torpedoes កំពុងត្រូវបានបង្កើតសម្រាប់ការដាក់ពង្រាយលើនាវាមុជទឹកនុយក្លេអ៊ែរ ក្នុងតំបន់បែលហ្គូរូដ និងតំបន់ខាបារ៉ូវស្ក៍ នៃប្រទេសរុស្ស៉ី៕