(កៀវ)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថាណាតូ (NATO) បានថ្កោលទោសលោក វ្ល៉ាឌីមៀ ពូទីន ជុំវិញវោហាសាស្ត្រនុយក្លេអ៊ែររបស់លោក មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៉ីរូបនេះ ប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងប្រទេសបេឡារុស ដែលអាចបង្កើនការប្រឈមមុខដាក់គ្នាជាមួយប្រទេសលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣។

លោកស្រី អូណា ឡាំងជេស្គូ (Oana Lungescu) ដែលជាអ្នកនាំពាក្យអង្គការណាតូ បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា «វោហាសាស្ត្រស្តីពីនុយក្លេអ៊ែររបស់រុស្ស៊ី គឺប្រកបដោយគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។ អង្គការណាតូមានការប្រុងប្រយ័ត្នចំពោះស្ថានការណ៍នេះ ហើយយើងកំពុងតាមដានយ៉ាងដិតដល់។ ប៉ុន្តែ យើងមិនទាន់ឃើញមានការផ្លាស់ប្ដូរ ណាមួយនៅក្នុងជំហរនុយក្លេអ៊ែររបស់រុស្ស៉ី ដែលតម្រូវឲ្យយើងកែសម្រួលវិធានការរបស់ខ្លួននៅឡើយទេ»

លោកស្រី អូណា ឡាំងជេស្គូ បានបន្ថែមថា «គំនិតរបស់រុស្ស៊ីចំពោះការដាក់ពង្រាយនុយក្លេអ៊ែររបស់ណាតូ គឺជាការយល់ច្រឡំទាំងស្រុង។ សម្ព័ន្ធមិត្តរបស់ណាតូ ប្រកាន់យកការធ្វើសកម្មភាព ដោយផ្អែក លើការគោរពយ៉ាងពេញលេញ ចំពោះការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ពួកគេ។ មានតែរុស្ស៊ី​ទេដែលជារឿយៗក្បត់ពាក្យសន្យា​ស្តីពីការគ្រប់​គ្រង​អាវុធ​របស់​ខ្លួន»

គួរបញ្ជាក់ថា ផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅបេឡារុស ជាវោហាសាស្រ្តថ្មីចុងក្រោយរបស់ លោក ពូទីន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ខណៈអ៊ុយក្រែនបានអំពាវនាវឲ្យមាន កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជាការឆ្លើយតប។ នេះគឺជាលើកដំបូងបំផុតចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០មក ដែលរុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ ក្រៅព្រំដែនរបស់ខ្លួន៕