(ប៉េកាំង)៖ នាថ្ងៃអាទិត្យនេះ ចិនបានប្រកាសពីការបង្កើតចំណងទាក់ទងការទូតជាមួយហុងឌូរ៉ាស បន្ទាប់ពីប្រទេសអាមេរិកកណ្តាលមួយនេះ បានបិទបញ្ចប់ទំនាក់ទំនងរាប់សិបឆ្នាំរបស់ខ្លួនជាមួយតៃវ៉ាន់ ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។

ការកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ គឺត្រូវបានគេរំពឹងទុករួចស្រេចទៅហើយ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសហុងឌូរ៉ាស បានធ្វើដំណើរមក​បំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីរៀបចំបង្កើតទំនាក់ទំនងការទូតជាមួយគ្នា តាមការបង្គាប់បញ្ជារបស់ប្រធានាធិបតី​ហុងឌូរ៉ាសលោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) ដែលបាននិយាយថា រដ្ឋាភិបាលលោកស្រី នឹងចាប់ផ្តើមភ្ជាប់ចំណងទាក់ទង​ជាមួយទីក្រុងប៉េកាំង។

ចិនបានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន គឺលោក ឈិន កាង (Qin Gang) ហើយនិងប្រមុខការទូតហុងឌូរ៉ាស លោក អេដ្វាដូ អេនរិគ រៃណា (Eduardo Enrique Reina) បានចុះកិច្ចព្រមព្រៀងបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឯទីក្រុងប៉េកាំង ខណៈប្រការនេះបានបញ្ចប់ជាស្ថាពរ នូវទំនាក់ទំនងរវាងហុងឌូរ៉ាសជាមួយតៃវ៉ាន់ ដែលមានអាយុកាលតាំងតែពីទសវត្សរ៍១៩៤០មកម្ល៉េះ។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រសួងការបរទេសរបស់ប្រទេសហុងឌូរ៉ាស បានប្រកាសថា ខ្លួនទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាន​នៃទឹកដីរបស់ចិន។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន និងគ្មានសិទ្ធិបង្កើតទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះឡើយ ខណៈវាគឺជាគោលជំហរ ដែលទីក្រុងតៃប៉ិច្រានចោលយ៉ាងមុតមាំ។ រដ្ឋាភិបាលទីក្រុងប៉េកាំង ទាមទារឱ្យប្រទេសទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយខ្លួន ត្រូវតែទទួលស្គាល់គោលជំហរនេះ៕