(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន នៅថ្ងៃសៅរ៍នេះបានចុះសួរសុខទុក្ខកងទ័ព និងត្រួតពិនិត្យការហ្វឹកហាត់របស់ពួកគេ នៅមុនលោកស្រីត្រូវបំពេញទស្សនកិច្ចទៅកាន់តំបន់ អាមេរិកកណ្ដាល ជាមួយគម្រោងឈប់សំចតនៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

លោកស្រី សៃ បានបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានមួយកន្លែង ក្នុងទីក្រុង ជៀយី (Chiayi) ស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយបានពិនិត្យមើលការហ្វឹកហាត់ ការសាងសង់រនាំងប្រឆាំង រថក្រោះ និងការហាត់ក្បាច់គុនចម្រុះ។ ថ្លែងទៅកាន់កងទ័ពតៃវ៉ាន់ លោកស្រី សៃ បានគូសបញ្ជាក់ដូច្នេះថា «ការការពារតៃវ៉ាន់ និងប្រជាធិបតេយ្យ តែងតែជាបេសកកម្មដ៏អស្ចារ្យនៃយោធារបស់ យើង...ហើយខ្ញុំជឿជាក់ថាមានតែការប្រឹងប្រែងហ្វឹកហាត់ និងការពង្រឹងការត្រៀមលក្ខណៈសម្រាប់សង្រ្គាមទេ ដែលអាចឱ្យយើងមានសមត្ថភាពការពារផ្ទះ និងប្រទេសរបស់យើង»

គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។ រីឯលោកស្រី សៃ ក៏ធ្លាប់លើកឡើងម្ដងហើយម្ដងទៀតដែរថាបើកចំហទ្វារសម្រាប់កិច្ចសន្ទនាជាមួយចិន ប៉ុន្តែ ប្រកាន់ ជំហរថាតៃវ៉ាន់នឹងការពារខ្លួនឯង ក្នុងការករណីមានការវាយប្រហារណាមួយ ហើយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ គឺជាអ្នកសម្រេចជោគវាសនារបស់ខ្លួន។ លោកស្រី ត្រូវបានគេរំពឹងថា នឹងបំពេញដំណើរទស្សនកិច្ចដោយចាប់ផ្ដើមនៅថ្ងៃពុធសប្ដាហ៍ក្រោយ ទៅកាន់តំបន់អាមេរិកកណ្ដាល ជាមួយការឈប់សំចតនៅសហរដ្ឋអាមេរិកជាទីដែលលោកស្រីនឹងត្រូវជួបជាមួយប្រធាន សភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy ក្នុងទីក្រុងឡូស អាន់ជែលឡែស៕