(អូតាវ៉ា)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកជឿជាក់ថាចិនមិនទាន់បានផ្ដល់ ឬបញ្ជូនអាវុធឱ្យរុស្ស៉ីនោះទេ ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បើកការឈ្លានពានលើអ៊ុយក្រែនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ នាឱកាសបំពេញទស្សនកិច្ចនៅកាណាដា លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទទួលបានព័ត៌មានអស់រយៈពេល ៣ខែមក ហើយដែលថាចិននឹងបញ្ជូនអាវុធឱ្យរុស្ស៉ី...ប៉ុន្តែពួកគេមិនទាន់បានបញ្ជូនអាវុធនោះទេ។ តែនេះមិនមែនមានន័យថាពួកគេនឹងមិនបញ្ជូនអាវុធ (ឱ្យរុស្ស៉ី) នោះឡើយ គ្រាន់តែពួកគេមិនទាន់ ធ្វើ តែប៉ុណ្ណោះ»

គួរបញ្ជាក់ថា លោក ចូ បៃដិន ក៏បានសង្កត់ធ្ងន់ផងដែរពីទំនាក់ទំនងរឹងមាំនៅក្នុងចំណោមប្រជាធិបតេយ្យលោកខាងលិច ដោយនិយាយថាលោកខាងលិចនឹងកាន់តែរួបរួមគ្នា និងចង់សំដៅលើ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដូចជាក្រុមប្រទេសក្វាដ មានសមាជិកដូចជាអូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិក ក៏ដូចជាសម្ព័ន្ធភាព AUKUS ជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេសជាដើម៕