(បេរូត)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិក មិនមែនកំពុងបង្កជម្លោះជាមួយទីក្រុងតេហេរ៉ង់ឡើយ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដឹកនាំ ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងកងជីវពលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់ នៅក្នុងប្រទេសស៉ីរី ជាការសងសឹកទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា​ ឆ្នាំ២០២៣។

បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៉ីរី មនុស្សយ៉ាងហោច ១៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក។ ការវាយប្រហារតាមផ្លូវអាកាសនេះកើតមានឡើង ក្រោយមន្ទីរបញ្ចកោណអះអាងថាអ្នកម៉ៅការយោធាអាមេរិកម្នាក់បានស្លាប់ និងអ្នកម៉ៅការយោធាម្នាក់ទៀត ព្រមទាំងយោធា ៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអត្តឃាត មួយគ្រឿងផលិតដោយអ៉ីរ៉ង់ ដែលបានវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងរបស់ក្រុមចម្រុះមួយដឹកនាំដោយសហរដ្ឋអាមេរិក ស្ថិតនៅក្បែរទីក្រុង ហាស្សាកេ (Hasakeh) ស្ថិតនៅភាគឦសាន ប្រទេសស៉ីរី។

ជាការសងសឹក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាអនុវត្តតាមបញ្ជារបស់លោក បៃដិន លោកបានបញ្ជាឱ្យយោធាអាមេរិកដឹកនាំការវាយប្រហារតាមផ្លូវអាកាស កាលពី យប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅឯភាគខាងកើតប្រទេសស៉ីរី ប្រឆាំងនឹងមូលដ្ឋានរបស់កងជីវពលមានទំនាក់ទំនងជាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ តែទោះជាបែបនេះក្ដី លោក ចូ បៃដិន បាននិយាយ បន្ធូរបន្ថយស្ថានការណ៍ ដោយអះអាងថា «សហរដ្ឋអាមេរិកមិនមែនកំពុងស្វែងរកជម្លោះជាមួយអ៉ីរ៉ង់នោះទេ តែថាអាមេរិកត្រៀមខ្លួនជានិច្ចដើម្បីធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ការពារមនុស្សរបស់យើង»

គួរបញ្ជាក់ថា កងទ័ពអាមេរិកបានចូលទៅក្នុងប្រទេសស៉ីរី កាលពីឆ្នាំ២០១៥ ក្រោមហេតុផលដើម្បីគាំទ្រក្រុមយោធាចម្រុះអន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS។ បច្ចុប្បន្ន កងទ័ពអាមេរិកប្រហែលខ្ទង់៩០០នាក់ ត្រូវបានដាក់ពង្រាយស៉ីរី រួមមានទាំងនៅភាគខាងជើង ខាងត្បូង និងខាងកើត៕