(វ៉ាស៊ីនតោន)៖ ការសម្រុះសម្រួលឱ្យអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល អាចភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាជាប្រក្រតី គឺជាកម្មវត្ថុមួយដ៏សំខាន់ នៅក្នុងគោលនយោបាយការបរទេសរបស់ សហរដ្ឋអាមេរិក។ ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំង២ ចិនឯណោះវិញបានដើរមុនមួយជំហានទៅហើយដោយបានទទួលជោគជ័យ ក្នុងការស្វែងរក កិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលបានយល់ព្រមស្ដារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ។

អ៉ីស្រាអែលត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតទំនាក់ទំនងការទូតភ្លាមៗ ដោយរង់ចាំតែអារ៉ាប៊ីសាអូឌីតឆ្លើយថា «OK» តែប៉ុណ្ណោះ ដោយសារតែសម្លឹងឃើញ ពីផលចំណេញជាច្រើនពីទំនាក់ទំនងផ្លូវការ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបង្ហើបថាការភ្ជាប់ការទូតជាមួយទីក្រុង រីយ៉ាដ ជាអាទិភាពកំពូលមួយ នៅក្នុង របៀបវារៈនយោបាយរបស់លោក។ លោកក៏ធ្លាប់បាននិយាយជាសាធារណៈជាច្រើនលើកដែរថាលោកផ្ទាល់សង្ឃឹមថាអារ៉ាប៊ីសាអូឌីត នឹងចូលរួមជាមួយកិច្ចព្រមព្រៀងសន្តិភាព «Abraham Accords» ជាគំនិតផ្ដួចផ្ដើមសន្តិភាពរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជួយឱ្យអ៉ីស្រាអែលអាចបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសអារ៉ាប់ចំនួន៤ បន្ថែមទៀត។

ក៏ប៉ុន្តែ អារ៉ាប៊ីសាអូឌីត មិនបានបង្ហាញចំណាប់អារម្មណ៍ជាសាធារណៈចំពោះទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល ឡើយ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីស កាលពីខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហា្វហាន់ (Faisal bin Farhan) បានច្រានចោលលទ្ធភាពភ្ជាប់ទំនាក់ទំនងជាមួយ អ៉ីស្រាអែល បើមិនមានការបង្កើត «រដ្ឋប៉ាឡេស្ទីន» ឈរលើគោលការណ៍ដំណោះស្រាយរដ្ឋ ២ទេនោះ។ បើនិយាយថាបុព្វហេតុប៉ាឡេស្ទីនជាហេតុផលចម្បងនៃភាពស្ទាក់ស្ទើររបស់ទីក្រុងរីយ៉ាដ ក៏វាមិនត្រូវទាំងអស់នោះដែរ។

មកទល់ពេលនេះ ក្រៅតែពីអេហ្ស៉ីប និងហ្ស៊កដានី ប្រទេសអារ៉ាប់ចំនួន ៤ រួមមាន អេមីរ៉ាតអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក បានបង្កើតទំនាក់ទំនងជាមួយអ៉ីស្រាអែល នៅក្រោមកិច្ចព្រមព្រៀង Abraham Accords ដែលមិនបានផ្ដល់ផលប្រយោជន៍អ្វីសោះដល់ប៉ាឡស្ទីន ហើយសូម្បីតែប៉ាឡេស្ទីនក៏បានហៅកិច្ចព្រមព្រៀងសន្តិភាពនេះជាទង្វើលួចចាក់ពីក្រោយខ្នងផងដែរ។ ណាមួយ ប្រទេសមួយក្នុងចំណោមប្រទេសអារ៉ាប់ទាំង៤ នេះ នោះគឺបារ៉ែន ជាប្រទេសមួយពឹងផ្អែកយ៉ាងខ្លាំងលើអារ៉ាប៊ីសាអូឌីត ហើយនេះត្រូវបានគេមើលឃើញថាប្រសិនបើអារ៉ាប៊ីសាអូឌីត មិនយល់ព្រមទេ បារ៉ែនក៏មិនអាច ឬហ៊ានចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords នោះដែរ។ ម្យ៉ាងវិញទៀត ទោះបីជាមិនមានទំនាក់ទំនងផ្លូវការនឹងគ្នាក៏ដោយ អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មានទំនាក់ទំនងសន្តិសុខ រួមទាំងការចែករំលែកព័ត៌មានសម្ងាត់ឱ្យគ្នាទៅវិញទៅមកជាយូរណាស់មកហើយ ដើម្បីទប់ទល់នឹងសកម្មភាពរបស់អ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ចុះបើដូច្នេះហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត មិនអាចបោះជំហានភ្ជាប់ទំនាក់ទំនងផ្លូវការជាមួយអ៉ីស្រាអែល តែម្ដងទៅ?

ជាការពិតណាស់ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត King Salman មិនពេញចិត្តនោះទេចំពោះការបង្កើតទំនាក់ទំនងជាមួយអ៉ីស្រាអែល ដោយមិនមានភ្ជាប់ជាមួយសន្តិភាពពេញលេញសម្រាប់ ប៉ាឡេស្ទីន។ តែសម្រាប់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន មិនបានបង្ហាញជំទាស់ទៅនឹងកិច្ចព្រមព្រៀង Abraham Accords នោះទេ ហើយអ្នកជំនាញមួយចំនួនក៏យល់ឃើញ ដែរថាបញ្ហាសំខាន់មិនមែននៅត្រង់ថាតើអារ៉ាប៊ីសាអូឌីត ចង់ឬមិនចង់ ឬក៏នឹងភ្ជាប់ទំនាក់ទំនងផ្លូវការជាមួយអ៉ីស្រាអែល ដែរឬក៏យ៉ាងណានោះទេ? ពោលគឺអាស្រ័យថាតើ «ត្រូវធ្វើវានៅពេលណា ឬដោយរបៀបណា តែប៉ុណ្ណោះ»? ក្នុងន័យនេះរឿងមួយដែលសំខាន់អាចបង្ហាញពីការស្ទាក់ស្ទើររបស់ទីក្រុងរីយ៉ាដ នោះគឺកត្តានៅក្នុងស្រុក និងមុខមាត់ជាមេដឹកនាំសាសនាអ៉ីស្លាម។ យើងអាច ចាប់ផ្ដើមពីកត្តានៅក្នុងស្រុក។

សព្វថ្ងៃ អំណាច និងការសម្រេចចិត្តមួយផ្នែកធំនៅអារ៉ាប៊ីសាអូឌីត គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន។ ផ្ទុយពីការគ្រប់គ្រងកាលពីអតីតកាល ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានដាក់ចេញការធ្វើកំណែទម្រង់សង្គមជាច្រើន ដូចជាការផ្ដល់សិទ្ធិឱ្យស្រ្តីច្រើនជាងមុខ មានការប្រគុំតន្ត្រី និងការកម្សាន្តជាច្រើនទៀតដែលទទួលបានការសាទរពីសំណាក់លោកខាងលិច ហើយ ទាំងនេះស្ថិតនៅក្រោមចក្ខុវិស័យឆ្នាំ២០៣០ ឬ Vision 2030 របស់ព្រះអង្គ។ ដោយឡែក និយាយពីសេដ្ឋកិច្ចវិញ នៅក្រោមចក្ខុវិស័យនេះ ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ចង់ធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយមិនចង់ឱ្យអារ៉ាប៊ីសាអូឌីត បន្តពឹងផ្អែកតែទៅលើធនធានប្រេងទៀតនោះទេ ក៏ដូចជាលើកមុខមាត់ និងបង្កើនតួនាទីអារ៉ាប៊ីសាអូឌីតឱ្យក្លាយជាមហាអំណាចដ៏សំខាន់មួយទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ទាំងនេះបង្ហាញថាព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ជាប់រវល់ដោះស្រាយបញ្ហាក្នុងស្រុក។ ដូច្នេះ ក្នុងបរិបទនៃ «ការធ្វើបដិវត្តសង្គមសេដ្ឋកិច្ច» នៅក្នុងស្រុក គេអាចនិយាយ បានថាការភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែល មិនមែនជាអាទិភាពកំពូលនោះទេ ពីព្រោះតែវាអាចដុតបញ្ឆេះកំហឹងប្រជាជនអារ៉ាប៊ីសាអូឌីតឱ្យប្រឆាំងនឹងព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន និងចក្ខុវិស័យឆ្នាំ ២០៣០ របស់ព្រះអង្គ។

បើតាមការស្ទង់មតិមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ចេញផ្សាយនៅលើគេហទំព័រ Fikra Forum បានបង្ហាញថាប្រជាជនអារ៉ាប៊ីសាអូឌីតត្រឹមតែ ២០ភាគរយប៉ុណ្ណោះ បង្ហាញការគំាទ្រឱ្យ ប្រទេសរបស់ពួកគេភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែល ខណៈ ៤០ភាគរយទៀតគាំទ្រការទំនាក់ទំនងក្រៅផ្លូវការរវាងមន្ត្រីនៃរដ្ឋាភិបាលប្រទេសទាំង២។ ចំណែកឯ ការព្រួយបារម្ភ ផ្សេងទៀតរបស់អារ៉ាប៊ីសាអូឌីត នោះគឺពាក់ព័ន្ធនឹងមុខមាត់របស់អារ៉ាប៊ីសាអូឌីតក្នុងនាមជាមេដឹកនាំអ៉ីស្លាមពិភពលោក។ ដោយហេតុថាការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំង២ គឺជានិមិត្តរូបនៃ ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអ៉ីស្រាអែល និងពិភពអ៉ីស្លាមដូច្នោះដែរ។

ការភ្ជាប់ទំនាក់ទំនងផ្លូវការទាំងដែលបញ្ហាប៉ាឡេស្ទីនមិនទាន់បានដោះស្រាយ អាចបង្កភាពស្មុគស្មាញ និងហានិភ័យច្រើនដល់ទីក្រុងរីយ៉ាដ ដ្បិតថាប្រជាជនមូស្លីម ឬអ្នកកាន់សាសនាអ៉ីស្លាម នៅជុំវិញពិភពលោកនៅតែប្រកាន់ជំហរខឹងស្អប់អ៉ីស្រាអែល ជុំវិញសំណុំរឿងប៉ាឡេស្ទីន។ លើសពីនេះទៅទៀត ក្រោយយល់ព្រមភ្ជាប់ទំនាក់ទំនងការទូតឡើងវិញជាមួយអ៉ីរ៉ង់ ដែលធ្លាប់តែ ជាសត្រូវរបស់ខ្លួននោះ អារ៉ាប៊ីសាអូឌីត ប្រហែលជានឹងមិនប្រញាប់ភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលនោះទេ៕