(តែលអាវីវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភានៃប្រទេសអ៉ីស្រាអែល បានសម្រេចអនុម័តច្បាប់មួយ ដែលដាក់កំហិតទៅលើលទ្ធភាព ដែលនាយករដ្ឋមន្រ្តីអាចត្រូវទម្លាក់ចេញពីតំណែងបាន ខណៈក្រុមប្រឆាំងបានរិះគន់ថា វាមានចេតនាដើម្បីការពារតំណែងនាយករដ្ឋមន្រ្តី​របស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

ច្បាប់ខាងលើបានចែងថា មានតែសំឡេង៣ភាគ៤នៃសភា ឬមួយក៏គណៈរដ្ឋមន្រ្តីប៉ុណ្ណោះ ដែលមានអំណាចក្នុងការទម្លាក់នាយករដ្ឋមន្រ្តី ចេញពីមុខតំណែងបាន ហើយសម្រាប់តែហេតុផលមួយចំនួនតូចថែមទៀត រួមមានបញ្ហាសតិអារម្មណ៍ សុខភាព និងរូបកាយ។ វាត្រូវបាន​អនុម័តក្នុងសំឡេង៦១គាំទ្រទល់នឹង៤៧ប្រឆាំង នៅក្នុងសភាដែលមាន១២០អាសនៈ។

មិនតែប៉ុណ្ណោះច្បាប់នេះក៏រារាំងមិនឱ្យតុលាការ​កំពូល ពិចារណាលើសំណើឱ្យប្រកាសនាយករដ្ឋមន្រ្តី អសមត្ថភាពក្នុងការបំពេញតួនាទីផងដែរ ខណៈក្រុមអ្នកនយោបាយប្រឆាំងជឿថា គោលបំណងចម្បងបំផុតរបស់វា គឺដើម្បីជួយការពារលោក ណេតាន់យ៉ាហ៊ូ ពីការត្រូវជាប់ពន្ធនាគារ ដោយទប់ស្កាត់មិនឱ្យតុលាការកំពូល ឬការិយាល័យអគ្គរដ្ឋអាជ្ញាអាចមានឥទ្ធិពល ទៅលើការបណ្តេញនាយករដ្ឋមន្រ្តីពីអំណាច។

គួរបញ្ជាក់ថា ចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានស្ថិតក្រោមដំណើរការជំនុំជម្រះក្តី ​ជុំវិញសំណុំរឿងពួករលួយចំនួន៣។ ក្រោយឡើងកាន់អំណាចសាជាថ្មី កាលពីចុងឆ្នាំមុន រដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ បានស្នើផែនការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលបានបង្កឱ្យមានការធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅទូទាំងប្រទេសអ៉ីស្រាអែល អស់រយៈពេល​ជាង១០សប្តាហ៍មកហើយ។

ផែនការកំណែទម្រង់របស់លោក ណេតាន់យ៉ាហ៊ូ នឹងកាត់បន្ថយជាខ្លាំងនូវសិទ្ធិអំណាចរបស់តុលាការកំពូលអ៉ីស្រាអែល ហើយផ្តល់អំណាច​ឱ្យរដ្ឋាភិបាលអាចជ្រើសរើសចៅក្រម ព្រមទាំងបញ្ចប់មុខតំណែងទីប្រឹក្សាផ្នែកច្បាប់នៅតាមក្រសួងនានា ដែលតែងតាំងដោយអគ្គរដ្ឋអាជ្ញា បានថែមទៀត។ យ៉ាងណាមិញ លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា ផែនការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់លោក គឺដើម្បីស្តារឡើងវិញនូវតុល្យភាពអំណាចក្នុងការដឹកនាំប្រទេស និងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ​តែប៉ុណ្ណោះ៕