(ប៉េកាំង)៖ ក្រោយពីមានកិច្ចប្រជុំដោយផ្ទាល់ជាលើកដំបូងថ្នាក់មន្រ្តីទូតជាន់ខ្ពស់គិតចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ មកក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានកត់សម្គាល់ថា ប្រទេសចិន និងហ្វីលីពីន គួរតែគ្រប់គ្រងភាពខ្វែងគំនិតគ្នារបស់ពួកគេឲ្យបានត្រឹមត្រូវ តាមរយៈកិច្ចសហប្រតិបត្តិការមិត្តភាព។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

ភាពតានតឹងទ្វេភាគីរវាងចិន និងហ្វីលីពីន បានកើនឡើងនាពេលថ្មីៗនេះ ជុំវិញការប៉ះទង្គិចរវាងកងទ័ពជើងទឹកនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ក៏ដូចជាការបង្កើនវត្តមានយោធាអាមេរិកនៅក្នុងប្រទេសហ្វីលីពីន ជាដើម។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា «ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគ្រប់គ្រងភាពខ្វែងគំនិតគ្នាឲ្យបានត្រឹមត្រូវ តាមរយៈការពិគ្រោះយោបល់ក្នុងនាមជាមិត្ត ក៏ដូចជាការរក្សាទិសដៅទូទៅនៃមិត្តភាពចិន-ហ្វីលីពីន»

គួរបញ្ជាក់ថា អនុរដ្ឋមន្ត្រីការបរទេសចិនបានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងម៉ានីល ដោយជួបជាមួយសមភាគីហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro)។ កិច្ចពិភាក្សាក៏ផ្តោតលើទិដ្ឋភាពរួមដែលភាគីទាំងពីរអាចធ្វើការកាន់តែជិតស្និទ្ធថែមទៀត ដោយបានផ្តល់នូវកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវប្បធម៌៕