(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានជំរុញឲ្យអឺរ៉ុបបង្កើនការផ្តល់ និងពន្លឿនការផ្គត់ផ្គង់អាវុធទំនើប ហើយដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹលើរុស្ស៉ី បើមិនដូច្នោះទេសង្រ្គាមអាចអូសបន្លាយរាប់ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាជាវីដេអូរយៈពេលវែងផ្ញើរទៅកាន់​មេដឹកនាំ​សហភាព​អឺរ៉ុប លោក ហ្សេលេនស្គី និយាយថា វាអាស្រ័យទៅលើប្លុក​២៧​ប្រទេស​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​រុស្ស៉ីលើការ​ឈ្លានពាន​អ៊ុយក្រែនរយៈពេលជាង១ឆ្នាំមកនេះ។ សហភាពអឺរ៉ុបបានពន្យារពេលជាយូមកហើយក្នុងការសម្រេចចិត្តលើការផ្តល់អាវុធរយៈចម្ងាយឆ្ងាយ យន្តហោះចម្បាំងស៊េរីទំនើប និងការឆ្ពោះទៅមុខជាមួយនិងកិច្ចពិភាក្សាស្តីពីការផ្តល់សមាជិកភាពអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ប្រសិនបើអឺរ៉ុបនៅតែរង់ចាំពេលទៀត នោះការប្រមូលផ្តុំឡើងវិញ និងរៀបចំសម្រាប់សង្រ្គាមជាច្រើនឆ្នាំ នឹងកាន់តែអាក្រក់។ ដូចនេះ វាស្ថិតនៅលើអំណាចរបស់អ្នកក្នុងការទប់ស្កាត់បញ្ហានេះ»

គួរបញ្ជាក់ថា ទោះបីជាមានការជំរុញម្តងហើយម្តងទៀតពីសំណាក់ក្រុមមន្ត្រីអ៊ុយក្រែនឲ្យប្រទេសដៃគូបង្កើនការផ្គត់ផ្គង់សព្វាវុធក្តី តែការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី នាពេលនេះហាក់បង្ហាញពីការខកចិត្តដោយបើកចំហមិនធ្លាប់មានពីមុនមក៕