(អង់ការ៉ា)៖ គណៈកម្មការកិច្ចការបរទេសនៃសភាជាតិតួកគី បានអនុម័តហើយលើពាក្យស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ ដែលនេះជាការត្រួសត្រាយផ្លូវមួយ ជំហានទៀតឆ្ពោះទៅរកសមាជិកភាពពេញលេញនៅក្នុងបក្សសម្ព័ន្ធយោធាធំជាងគេបំផុតមួយនេះ នៅលើពិភពលោក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយតួកគី ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។

ក៏ប៉ុន្តែ សមាជិកភាព NATO របស់ហ្វាំងឡង់ នៅត្រូវរង់ចាំឆ្លងកាត់ការអនុម័តផ្ដល់សច្ចាប័នពីមហាសន្និបាតសភាតួកគីទាំងមូលជាបន្តទៀត។ ការអនុម័តនេះត្រូវបានគេរំពឹងថា អាចនឹងធ្វើឡើងនៅមុនសភាតួកគី ត្រូវបិទទ្វារនៅពាក់កណ្ដាលខែមេសា និងនៅមុនការបោះឆ្នោតសភា និងប្រធានាធិបតីតួកគីនៅថ្ងៃទី១៤ ខែឧសភាខាងមុខ។

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានប្រាប់ប្រធានាធិបតីហ្វាំងឡង់ដែលបំពេញទស្សនកិច្ចនៅតួកគី កាលពីសប្ដាហ៍មុនថាសភាតួកគីនឹងផ្ដល់សច្ចាប័នលើ ពាក្យសុំចូល NATO របស់ហ្វាំងឡង់។ ប៉ុន្តែបានបដិសេធចំពោះស៊ុយអែត។ ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូល NATO រួមគ្នា នៅបន្ទាប់ពីរុស្ស៉ីចូលឈ្លានពាន អ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយដើម្បីអាចចូលជាសមាជិកបាន ប្រទេសទាំង២ត្រូវការការយល់ព្រមពីប្រទេសជាសមាជិក NATO ទាំង៣០ប្រទេស៕