(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) នៅថ្ងៃពុធសប្ដាហ៍នេះបានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទាំងអស់ អនុវត្តតាមដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលចេញដោយតុលាការអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។

កាលពីសប្ដាហ៍មុន តុលាការ ICC បានចោទប្រកាន់ និងចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បង្ខំបញ្ជូនកុមារអ៊ុយក្រែនរាប់រយនាក់ទៅកាន់ប្រទេសរុស្ស៉ី។ ការ អំពាវនាវឱ្យលោក ប្ល៊ីនខិន ធ្វើឡើងស្របទៅតាមកាតព្វកិច្ចដែលតម្រូវឱ្យរដ្ឋជាសមាជិក ICC ទាំង១២៣ អនុវត្តដីកាចាប់ខ្លួន និងបញ្ជូនលោក ពូទីន ទៅកាន់ទីក្រុងឡាអេ ដើម្បីទទួលការជំនុំជម្រះ ប្រសិនបើលោក ពូទីន ស្ថិតនៅក្នុងប្រទេសជាសមាជិកណាមួយ។ លោក ប្ល៊ីនខិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាប្រទេសដែលជាភាគីនៃតុលាការ (ICC) និងមានកាតព្វកិច្ច គួរតែបំពេញ កាតព្វកិច្ចរបស់ពួកគេ»។

ការលើកឡើងរបស់លោក ប្ល៊ីនខិន ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក លីនស៉ី ក្រាហាំ (Lindsey Graham) ដែលបានសួរថាតើ រូបលោកនឹងជំរុញឱ្យ បណ្ដាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុបចាប់បញ្ជូនខ្លួនលោក ពូទីន ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិកមិនមែនជាភាគីរបស់តុលាការ ICC លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថាលោក ពូទីន ពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្ម សង្រ្គាម ហើយថាដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ីរូបនេះគឺជារឿងត្រឹមត្រូវ៕