(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិននឹងពង្រឹងការណែនាំគោលនយោបាយរបស់ខ្លួន ដើម្បីគាំទ្រដល់ការផលិតបច្ចេកវិទ្យាកម្រិតខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក ដែលបានលើកឡើងពីសន្តិសុខជាតិក្នុងការរឹតបន្តឹងការចូលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកចិន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

លោក Li បាននិយាយថា «នៅពេលដែលស្ថានភាពក្នុងប្រទេស និងក្រៅប្រទេសកំពុងមានការផ្លាស់ប្តូរដ៏ស្មុគស្មាញ និងស៊ីជម្រៅ ការអភិវឌ្ឍន៍នៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនកំពុងប្រឈមមុខនឹងចំណុចសំខាន់មួយ ហើយកិច្ចខិតខំប្រឹងប្រែងត្រូវតែត្រូវបានបង្កើនដើម្បីលើកកម្ពស់ឧស្សាហកម្មនេះ»

លោក Li បាននិយាយថា ប្រទេសចិននឹងបង្កើតបរិយាកាសធុរកិច្ចស្របច្បាប់ និងអន្តរជាតិដែលផ្តោតលើទីផ្សារ ហើយពង្រឹងការណែនាំគោលនយោបាយ ដើម្បីគាំទ្រដល់ការផលិតបច្ចេកវិទ្យាកម្រិតខ្ពស់។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលក្នុងអំឡុងសម័យប្រជុំសភាប្រចាំឆ្នាំក្នុងខែនេះបានឱ្យដឹងថា គោលនយោបាយបច្ចេកវិទ្យារបស់ប្រទេសគួរតែសំដៅលើកសាងភាពខ្លាំងរបស់ខ្លួន និងការពឹងផ្អែកលើខ្លួនឯង៕