(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានអះអាងថា នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសជាច្រើនគ្រាប់ ចេញពីឆ្នេរភាគខាងកើត​របស់ខ្លួន ដែលជាសកម្មភាពធ្វើតេស្តសព្វាវុធចុងក្រោយបំផុតដោយទីក្រុងព្យុងយ៉ាង ស្របពេលដែលសមយុទ្ធយោធារួមគ្នា រវាងកងកម្លាំង​យោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ត្រៀមបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។

យោធាកូរ៉េខាងត្បូងបាននិយាយថា មីស៉ីលគ្រូសទាំងនោះត្រូវបានបាញ់កាលពីវេលាខ្ទង់ម៉ោង ១០៖១៥នាទីព្រឹក ចេញពីខេត្តហាមយ៉ុងខាង​ត្បូង ( South Hamgyong) នៃប្រទេសកូរ៉េខាងជើង។ វាមិនទាន់ច្បាស់នៅឡើយទេថា មីស៉ីលគ្រូសដែលទីក្រុងព្យុងយ៉ាងបានបាញ់ មានចំនួន​ប៉ុន្មានឬជាប្រភេទណាឱ្យប្រាកដ។ កាលពីថ្ងៃទី១២ ខែមីនា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ បានប្រកាសថា ខ្លួនបានបាញ់តេស្ត​មីស៉ីលគ្រូសយុទ្ធសាស្រ្តចំនួន២គ្រាប់ ចេញពីនាវាមុជទឹក។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក កំពុងត្រៀមបិទបញ្ចប់សមយុទ្ធយោធារួម ដែលមានរយៈពេលសរុប១១ថ្ងៃ របស់ពួកគេ ហៅថា សមយុទ្ធខែលសេរីភាពឆ្នាំ២០២៣ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ជាយូរមកហើយ កូរ៉េខាងជើងបានចាត់ទុក ការធ្វើសមយុទ្ធ​រវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន ជាសកម្មភាពបង្កហេតុ ក្រោមការចោទប្រកាន់ថា ពួកវាគឺជាការហាត់សមត្រៀម ដើម្បីបើកការឈ្លានពាន​ទៅលើខ្លួន។

យ៉ាងណាមិញ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានបដិសេធចំពោះការចោទប្រកាន់របស់កូរ៉េខាងជើង ហើយអះអាងថា ការបង្កើនការ​ធ្វើសមយុទ្ធយោធារបស់ពួកគេ គឺដើម្បីតែត្រៀមលក្ខណៈទប់ទល់នឹងការបង្កហេតុរបស់កូរ៉េខាងជើង ប៉ុណ្ណោះ។ កាលពីចុងសប្តាហ៍កន្លងទៅ ទីក្រុងព្យុងយ៉ាងបានធ្វើបាញ់សាកល្បងមីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លីមួយគ្រាប់ ចូលសមុទ្រខាងកើត ក្នុងសកម្មភាពដែលខ្លួនហៅថា ជាការធ្វើសមយុទ្ធវាយបកដោយអាវុធនុយក្លេអ៊ែរ ទៅលើសត្រូវ៕