(មូស្គូ)៖ លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិននឹងផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយរុស្ស៊ី ដោយលើកឡើងប្រទេសទាំងពីរថា ជា «មហាអំណាចជិតខាងគ្នា» ខណៈដែលលោកត្រៀមប្រជុំពិភាក្សាថ្ងៃទី២ ជាមួយ លោក វ្ល៉ាឌីមៀ ពូទីន ហើយការពិភាក្សាត្រូវបានគេរំពឹងថា នឹងផ្តោតលើបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា​ ឆ្នាំ២០២៣។

លោក ស៊ី បាននិយាយថា រដ្ឋាភិបាលចិននឹង «បន្តផ្តល់អាទិភាពកំពូលដល់ការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ី»

ប្រធានាធិបតីចិនក៏បាននិយាយផងដែរថា លោកបានអញ្ជើញ លោក ពូទីន ដែលឯកោជាអន្តរជាតិមកទស្សនកិច្ចប្រទេសចិននៅចុងឆ្នាំនេះ ខណៈដែលមេដឹកនាំទាំងពីរស្វែងរកសម្ព័ន្ធភាពប្រឆាំងនឹងមហាអំណាចលោកខាងលិច។

ចាប់តាំងពីប្រតិបត្តិការសង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែនបានចាប់ផ្តើមឡើង ទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានរីកចម្រើនជាលំដាប់ដែលនាំឱ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា និងបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាងលិចអំពីថា តើទំនាក់ទំនងនឹងទៅឆ្ងាយប៉ុណ្ណា។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់ ​លោក ស៊ី ជីនពីង ស្រប​ពេល​ជាមួយ​នឹង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលរបស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ​ទៅ​កាន់​ទីក្រុងកៀវនៅថ្ងៃ​អង្គារនេះ ក្នុង​អ្វី​ដែល​អនុរដ្ឋមន្ត្រី​ការ​បរទេស​ទីមួយ​របស់​អ៊ុយក្រែន លោកស្រី Eminjpal បាន​ហៅ​ថា​ ជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ៕