(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ចំនួន២គ្រឿងបានហោះហើរលើសមុទ្រជប៉ុនអស់រយៈពេលជាង ៧ម៉ោងហើយ ខណៈនាយករដ្ឋមន្ត្រីជប៉ុនចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

យន្តហោះប្រភេទ Tupolev Tu-95MS អាចផ្ទុកអាវុធនុយក្លេអ៊ែរ ហើយទីក្រុងមូស្គូតែងតែហោះហើរវា លើដែនទឹកអន្តរជាតិនៅតំបន់អាក់ទិក អាត្លង់ទិកខាងជើង និងមហាសមុទ្រប៉ាស៊ីហ្វិកដើម្បីបង្ហាញកម្លាំង។

ពេលវេលានៃការហោះហើរចុងក្រោយនេះ ហាក់ដូចជាមានភាពសុក្រឹតជាងធម្មតា ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសរុស្ស៊ី។

រុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្របានអនុវត្ត «ការហោះហើរដែលបានគ្រោងទុក» អមដោយយន្តហោះចម្បាំង។ ហើយការហោះហើរនេះត្រូវបានអនុវត្តអនុលោមតាមច្បាប់អន្តរជាតិយ៉ាងតឹងរឹង និងត្រូវបានធ្វើឡើងនៅលើដែនទឹកអព្យាក្រឹត។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ កងកម្លាំងការពារដែនអាកាសអាមេរិកខាងជើង ត្រូវបានបញ្ជូនទៅស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី និងយន្តហោះចម្បាំងជាច្រើនគ្រឿង ខណៈដែលពួកគេបានហោះហើរលើដែនអាកាសអន្តរជាតិក្បែររដ្ឋអាឡាស្កា។

ប្រទេសជប៉ុនដែលមានជម្លោះទឹកដីជាមួយទីក្រុងមូស្គូ លើកោះនៅប៉ាស៊ីហ្វិកខាងជើងដែលមានអាយុកាលតាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២មក គឺជាសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់សហរដ្ឋអាមេរិក និងជាសមាជិកនៃក្រុមប្រទេស G7 ដែលបានចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី៕