(មូស្គូ)៖ អ៊ុយក្រែនបានរាយការណ៍អំពីការបំផ្លិចបំផ្លាញ នៃមីស៉ីសគ្រូសជាច្រើនគ្រាប់របស់រុស្ស៉ី កំលុងពេលពួកវាស្ថិតក្រោមការដឹកជញ្ជូនតាមផ្លូវដែ កទៅកាន់យោធាជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ នៅឧបទ្វីបគ្រីមៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១​ ខែមីនា ឆ្នាំ២០២៣។

យោធាអ៊ុយក្រែនកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បានអះអាងថា មីស៉ីលគ្រូស ខាលីបឺ (Kalibr) ជាច្រើនគ្រាប់ ត្រូវបានបំផ្លាញក្នុងបន្ទុះមួយ ប៉ុន្តែមិនការបញ្ជាក់ចំៗថា អ៊ុយក្រែនគឺជាអ្នកនៅពីក្រោយការផ្ទុះនោះ ឬក៏ថាតើការដឹកជញ្ជូនមីស៉ីលគ្រូសរុស្ស៉ីដ៏មានអានុភាពទាំងនោះ ត្រូវបានបំផ្លិចបំផ្លាញដោយរបៀបណាឱ្យប្រាកដឡើយ។

ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន បានបង្ហោះសារនៅលើបណ្តាញសង្គមដូច្នេះថា «ហេតុការណ៍ផ្ទុះមួយនៅទីក្រុង ឌីហ្សានកូយ (Dzhankoi) នៃភាគខាងជើងតំបន់គ្រីមៀ បានបំផ្លាញមីស៉ីលគ្រូសរុស្ស៉ី Kalibr-KN កំលុងពេលដែលពួកវាស្ថិតក្រោមការដឹកជញ្ជូនតាមផ្លូវដែក ជាមួយគោលដៅសម្រាប់យកទៅបាញ់ចេញពី នាវាមុជទឹករបស់យោធារុស្ស៉ីប្រចាំសមុទ្រខ្មៅ»

ដោយឡែក អភិបាលទីក្រុង Dzhankoi និងអភិបាលតំបន់គ្រីមៀ ដែលរុស្ស៉ីលើកបន្តុបបាននិយាយថា កាលពីយប់ថ្ងៃចន្ទ ម្តុំបរិវេណទីក្រុង Dzhankoi គឺបានស្ថិតក្រោមការវាយប្រហារពីយន្តហោះដ្រូន ប៉ុន្តែពួកគេមិនបានបញ្ជាក់ថា មានមីស៉ីលគ្រូសត្រូវបានបំផ្លិចបំផ្លាញកំលុងការវាយប្រហារនោះឡើយ។

គួរបញ្ជាក់ថា មីស៉ីលគ្រូស Kalibr គឺត្រូវបានរុស្ស៉ីប្រើប្រាស់ជារឿយៗ ក្នុងការវាយប្រហារតាមផ្លូវអាកាស ក្នុងសង្រ្គាមអ៊ុយក្រែន ដោយបាញ់ចេញពីក្រុមនាវារបស់ខ្លួន ស្ថិតនៅតំបន់សមុទ្រខ្មៅ៕