(យូអិន)៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិក ចិន និងរុស្ស៉ីបានជជែកគ្នារកអ្នកទទួលខុសត្រូវ លើការជំរុញឲ្យមានការបាញ់មីស៊ីលផ្លោងរាប់សិបគ្រាប់ និងការអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកចំនួន ១៥រូប បានបើកកិច្ចប្រជុំក្រោយពីទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ នៅឯ UN ចិន និងរុស្ស៉ី បានស្តីបន្ទោសលើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថាជាការបង្ករឿងឲ្យទីក្រុងព្យុងយ៉ាងបាញ់មីស៉ីលនោះ ខណៈទីក្រុងវ៉ាស៉ីនតោនចោទទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ថាកាន់ជើងទីក្រុងព្យុងយ៉ាងពីការដាក់ទណ្ឌកម្មបន្ថែមទៀត។

ក្រុមមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងកិច្ចប្រជុំនេះថា លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ប្រមុខនៃ UN នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាន់បក្ខពួក ដែលជាដើមហេតុរារាំងសហគមន៍អន្តរជាតិមិនឲ្យធ្វើសកម្មភាពលើបញ្ហានេះបាន។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ សម្រាប់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកក្រុមប្រឹក្សាសន្តិសុខមួយនេះ តែងតែខ្វែងគំនិតគ្នាលើរបៀបដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង។ រុស្ស៊ី និងចិន ដែលជាមហាអំណាចវេតូ រួមជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង និយាយថា ការដាក់ទណ្ឌកម្មបន្ថែមទៀតនឹងមិនអាចជួយអ្វីបានទេដោយចង់ឲ្យវិធានការបែបនេះត្រូវបានបន្ធូរបន្ថយ។ ហើយទីក្រុងព្យុងយ៉ាងខ្លួនឯង ក៏បានចាត់ទុកទណ្ឌកម្មអន្តរជាតិថាជាកាយវិការសុច្ឆន្ទៈ ដើម្បីព្យាយាមបង្អាក់សមត្ថភាពប្រទេសរបស់ខ្លួន៕