(ប៊ែកឡាំង)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា ដៃប្រតិបត្តិរបស់សហភាពអឺរ៉ុបនឹងផ្តល់ប្រាក់ចំនួន ១ពាន់លានអឺរ៉ូ ដើម្បីជួយប្រទេសតួកគីក្នុងការកសាងឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា​ ឆ្នាំ២០២៣។

លោកស្រីបានប្រាប់សន្និសីទថា គណៈកម្មការក៏នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០៨លានអឺរ៉ូ (១១៥លានដុល្លារ)ផងដែរ សម្រាប់ជំនួយមនុស្សធម៌ និងការស្តារឡើងវិញនៅដំណាក់កាលដំបូងនៅក្នុងប្រទេសស៊ីរី ដែលសហភាពអឺរ៉ុបមិនមានទំនាក់ទំនងការទូតជាមួយប្រធានាធិបតីស៊ីរី លោក Bashar al-Assad ទេ ជុំវិញសង្រ្គាមដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១១។

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា «បន្ទុកហិរញ្ញវត្ថុសរុបនៃគ្រោះមហន្តរាយរញ្ជួយដី» សម្រាប់ប្រទេសតួកគីមានរហូតដល់ ១០៣.៦ ពាន់លានដុល្លារ ហើយបាននិយាយថា វាស្មើនឹង ៩% នៃផលិតផលក្នុងស្រុកសរុប ដែលបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៣៕