(កង់បេរ៉ា)៖ អាជ្ញាធរអូស្រ្តាលីនៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ពួកគេបានចាប់ខ្លួនអតីតកងទ័ពម្នាក់ ដែលជាប់សង្ស័យថា បានសម្លាប់ពលរដ្ឋអាហ្វហ្កានីស្ថាន កំលុងពេលត្រូវបានដាក់ពង្រាយទៅកាន់ទីនោះ ជាមួយកងកម្លាំងយោធារបស់អូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

ស្ថាប័នប៉ូលិសសហព័ន្ធអូស្រ្តាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បុរសដែលមានវ័យ៤១ឆ្នាំខាងលើ នឹងត្រូវចោទប្រកាន់ជាផ្លូវការដោយតុលាការអូស្រ្តាលី ហើយក្នុងនោះនឹងមានមួយករណីស្តីពីបទមនុស្សឃាតនៃឧក្រិដ្ឋកម្មសង្រ្គាម ដែលប្រឈមនឹងការជាប់ពន្ធនាគារជាអតិបរមា អស់មួយជីវិត។ ការស៉ើបអង្កេតមួយមានរយៈពេល៤ឆ្នាំ កាលពីឆ្នាំ២០២០បានរកឃើញថា កងកម្លាំងយោធាពិសេសអូស្រ្តាលី ជាប់សង្ស័យសម្លាប់អ្នកទោសនិងជនស៉ីវិល ដែលគ្មានអាវុធ​ក្នុងដៃចំនួន៣៩នាក់ នៅអាហ្វហ្កានីស្ថាន។ យោងតាមអនុសាសន៍នៃរបាយការណ៍ស៉ើបអង្កេតនោះ សមាជិកនិងអតីតសមាជិកសរុប១៩នាក់ នៃកងកម្លាំងយោធាអូស្រ្តាលី បានស្ថិត​ក្រោមការស៉ើបអង្កេតពិសេសមួយ ដើម្បីកំណត់ថាតើអាចមានភស្តុតាងរឹងមាំគ្រប់គ្រាន់ ដើម្បីកាត់ទោសដែរឬយ៉ាងណា។

គួរបញ្ជាក់ថា អូស្រ្តាលីស្ថិតក្នុងផ្នែកនៃកងកម្លាំងយោធាចម្រុះអន្តរជាតិ ដឹកនាំដោយណាតូ (NATO) ដែលបានជួយផ្តល់ការហ្វឹកហាត់ដល់កងកម្លាំង​សន្តិសុខអាហ្វហ្កានីស្ថាន ហើយប្រយុទ្ធជាមួយក្រុមតាលីបង់អស់រយៈពេល២ទសវត្សរ៍។ ទាហានអូស្រ្តាលីជាង៣៩,០០០នាក់ ធ្លាប់ត្រូវបានដាក់ពង្រាយ ​នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយ៤១នាក់បានបាត់បង់ជីវិត៕