(ញូវដេលី)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះបានធ្វើដំណើរទៅដល់ទីក្រុងញូវដេលី នៃប្រទេសឥណ្ឌា ដើម្បីបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២ នៅក្នុងវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងជំនួបជាមួយលោក ម៉ូឌី នៅថ្ងៃចន្ទនេះ លោក គីស៉ីដា ក៏នឹងលើកឡើងផងដែរពីផែនការថ្មីមួយរបស់លោកជុំវិញ «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ជប៉ុន» ជាមួយ ការផ្ដោតជាសំខាន់លើការជំរុញឱ្យឥណ្ឌា បង្កើនតួនាទីរបស់ខ្លួនក្នុងតំបន់ ប្រឈមមុខនឹងការកើនឡើងឥទ្ធិពលចិន។

គួរបញ្ជាក់ថា ឥណ្ឌា និងជប៉ុន នៅក្នុងឆ្នាំ២០២៣នេះ សុទ្ធតែកំពុងកាន់តំណែងសំខាន់ៗដូចគ្នា ក្នុងនោះឥណ្ឌាគឺជាប្រធាន G20 រីឯ ជប៉ុន គឺជាប្រធាន G7៕