(តៃប៉ិ)៖ អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់អតីតមេដឹកនាំតៃវ៉ាន់ ឬបច្ចុប្បន្នបានមកទស្សនកិច្ចចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនដែលចាញ់ បានភៀសខ្លួនទៅកាន់កោះនេះក្នុងឆ្នាំ១៩៤៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​​ ទី១៩ ខែមីនា​ ឆ្នាំ២០២៣។

ដំណើរ​ទស្សនកិច្ច​នេះ​នឹង​កើត​ឡើង ​ចំពេល​មាន​ភាព​តានតឹង​កើនឡើង​រវាង​ទីក្រុង​ប៉េកាំង និង​តៃប៉ិ ខណៈ​ចិន​បន្ត​ដាក់​សម្ពាធ​ផ្នែក​យោធា និង​នយោបាយ​ដើម្បី​ព្យាយាម​បង្រួបបង្រួម​តៃវ៉ាន់​ដែល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឲ្យ​ចូល​ក្នុង​អធិបតេយ្យភាព​របស់​ខ្លួន។

ការិយាល័យរបស់លោក Ma បាននិយាយថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ដោយទៅទស្សនាទីក្រុងនានាដូចជា Nanjing, Wuhan, Changsha, Chongqing និង Shanghai។

ការិយាល័យរបស់លោកបានបន្ថែមថា លោក Ma នឹងជួបជាមួយសិស្សានុសិស្ស និងទស្សនាកន្លែងទាក់ទងនឹងសង្គ្រាមលោកលើកទី២ និងជម្លោះចិន-ជប៉ុន ក៏ដូចជាបដិវត្តន៍ឆ្នាំ១៩១១ ដែលបានផ្តួលរំលំអធិរាជចុងក្រោយរបស់ប្រទេសចិន និងបានបង្កើតជាសាធារណរដ្ឋចិន។

ទោះជាយ៉ាងណា របាយការណ៍មិនបាន​បញ្ជាក់ទេ​ថា ​តើ​លោក​នឹង​ជួប​មន្ត្រី​ឬ​មេដឹកនាំ​ចិន​ណា​មួយ​ដែរឬយ៉ាងណាទេ។

គួរបញ្ជាក់ថា គណៈបក្សគួមីនតាំង (KMT) ដែល​ជា​ប្រពៃណី​ពេញចិត្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន ប៉ុន្តែ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា​មិន​គាំទ្រ​ក្រុង​ប៉េកាំង បាននិងកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ចាប់តាំងពីទាំងប្រទេសចិន និងតៃវ៉ាន់បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទាក់ទងនឹងជំងឺកូវីដ១៩។

កាលពីខែមុន អនុប្រធានរបស់គណបក្ស KMT លោក Andrew Hsia បានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានជួបជាមួយមេដឹកនាំជាន់ខ្ពស់បក្សកុម្មុយនិស្ត លោក Wang Huning៕