(គែរ)៖ ប្រទេសអេហ្ស៊ីបបានធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីននៅក្នុងទីក្រុងរមណីយដ្ឋាន Sharm el-Sheikh នៅថ្ងៃអាទិត្យនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងគាំទ្រដោយសហរដ្ឋអាមេរិក និងហ្ស៊កដានី ដើម្បីរំងាប់ការកើនឡើងនៃអំពើហិង្សានៅតំបន់ West Bank ខណៈខែដ៏ពិសិដ្ឋរបស់ជនមូស្លីមខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា​ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយថា កិច្ចប្រជុំនៅ Sharm el-Sheikh «មានគោលបំណងគាំទ្រការសន្ទនារវាងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់សកម្មភាពឯកតោភាគី និងការកើនឡើងអំពើហិង្សាដែលមានស្រាប់ និងដើម្បីសម្រេចបានភាពស្ងប់ស្ងាត់»។

ប៉ាឡេស្ទីន​មាន​បំណង​បង្កើត​រដ្ឋ​ឯករាជ្យ​មួយ​នៅ​តំបន់ West Bank និង Gaza Strip ដោយ​មាន​ក្រុង​ហ្សេរុយសាឡឹម​ខាង​កើត​ជា​រដ្ឋធានី​របស់​ខ្លួន ដែលជាទឹកដី​អ៊ីស្រាអែល​កាន់កាប់យក​ក្នុង​សង្រ្គាម​ឆ្នាំ១៩៦៧។

ប៉ុន្តែការចរចាសន្តិភាពបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៤ ដោយប៉ាឡេស្ទីនបាននិយាយថា ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វបានធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃរដ្ឋដែលអាចសម្រេចបាន។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងកម្លាំងអ៊ីស្រាអែលបានធ្វើការចាប់ខ្លួនរាប់ពាន់នាក់នៅតំបន់ West Bank និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង២០០ នាក់ រួមទាំងអ្នកប្រយុទ្ធ និងជនស៊ីវិលផងដែរ។

ជនជាតិអ៊ីស្រាអែលជាង ៤០នាក់ និងជនជាតិអ៊ុយក្រែន ០៣នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីនក្នុងរយៈពេលដូចគ្នានេះ។

កាលពីឆ្នាំមុន ការប៉ះទង្គិចគ្នារវាងប៉ូលិសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើងនៅជុំវិញវិហារ Al-Aqsa របស់ក្រុងយេរូសាឡឹម អំឡុងពេលបុណ្យរ៉ាម៉ាឌន ដែលឆ្នាំនេះវានឹងកើតទើងស្របគ្នានឹងបុណ្យរំលងរបស់ជនជាតិយូដា និងបុណ្យអ៊ីស្ទើររបស់គ្រីស្ទានផងដែរ៕