(ឡាអេ)៖ កាលពីថ្ងៃសុក្រ ទី១៧ ខែមីនានេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសពីការចេញដីកាចាប់ខ្លួន សម្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីំមៀ ពូទីន ជុំវិញការចោទប្រកាន់ អំពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។

ទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់ដែលថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅ កំលុងសង្រ្គាមនៅអ៊ុយក្រែន។ ចំណែកអ៊ុយក្រែនវិញ បានចេញមុខបង្ហាញការស្វាគមន៍ ចំពោះ សេចក្តីប្រកាសរបស់តុលាការ ICC ដោយនិយាយថា ដីកាចាប់ខ្លួនលោក ពូទីន គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈលោកប្រធានាធិបតី ចូ បៃដិន ក៏បានសាទរដីកាចាប់ខ្លួនលោក ពូទីន ផងដែរ ដោយចាត់ទុកថាជាការត្រឹមត្រូវ។ បើតាមការអះអាងរបស់ទីក្រុងកៀវ កុមារអ៊ុយក្រែនច្រើនជាង ១៦,០០០នាក់ ត្រូវបានចាប់បញ្ចូនទៅ​រុស្ស៉ី គិតចាប់តាំងសង្រ្គាមបានផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងជុំវិញដីកាចាប់ខ្លួនលោក ពូទីន៖

*តើលោក ពូទីន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋអ្វី?

យោងតាមតុលាការ ICC ដីកាចាប់ខ្លួនលោក ពូទីន គឺសម្រាប់ការចោទប្រកាន់អំពីបទឧក្រិដ្ឋសង្រ្គាម ពាក់ព័ន្ធនឹងការចាប់បញ្ចូនកុមារ​ដោយខុសច្បាប់ ចេញពីទឹកដីអ៊ុយក្រែនដែលស្ថិតក្រោម ការត្រួតត្រា ទៅកាន់ប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមឈ្លានពានបានចាប់ផ្តើម។ ក្រៅតែពីលោក ពូទីន លោកស្រី វ៉ូវ៉ា បេឡាវ៉ូ (Lvova-Belova) ដែលជាស្នងការរុស្ស៉ីទទួលបន្ទុកសិទ្ធិ របស់ កុមារក៏រងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។​

* តើ ICC គឺជាអ្វី?

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយលក្ខខន្តិកៈទីក្រុងរ៉ូម ដើម្បីកាត់ទោសអ្នកដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មឈ្លានពាន នៅពេលដែលរដ្ឋជាសមាជិកណាមួយមិនមានឆន្ទ​ៈ ឬមិនមានសមត្ថភាពធ្វើវាដោយខ្លួនឯង។ តុលារការអន្តរជាតិមួយនេះមានមូលដ្ឋាន នៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ និងមានសមាជិកចំនួន១២៣ ហើយមានកញ្ចប់ថវិកា១៨០លានដុល្លារសម្រាប់ឆ្នាំ២០២៣។

* តើ ICC មាន «យុត្តាធិការ» នៅអ៊ុយក្រែនដែរឬទេ?

បើតាមលក្ខខន្តិក​ៈទីក្រុងរ៉ូម ដែលមានរដ្ឋជាសមាជិកចំនួន១២៣ ឬស្មើនឹង២ភាគ៣ នៃសហគមន៍អន្តរជាតិទាំងមូល តុលាការ ICC មានយុត្តាធិការលើឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើង នៅលើទឹកដីនៃរដ្ឋជាសមាជិក ឬរដ្ឋដែលបានទទួលយក ឬទទួលស្គាល់យុត្តាធិការរបស់តុលាការមួយនេះ។ ក្នុងករណីនេះ អ៊ុយក្រែនបានទទួលយកយុត្តាធិការ ឬសិទ្ធិអំណាចរបស់ ICC ចំនួន២លើក គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៥។

ប្រធាន ICC លោក ពីយ៉ូត ហាហ្វម៉ានស្គី (Piotr Hofmanski) បាននិយាយថា រដ្ឋជាសមាជិក​ ICC ចំនួន៤៣ បានគាំទ្រយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិមួយនេះនៅអ៊ុយក្រែន។

* ចុះបើដូច្នេះ តើលោក ពូទីន ឬមន្ត្រីជាន់ខ្ពស់រុស្ស៉ី អាចនឹងត្រូវចាប់ខ្លួននាំទៅកាន់ ICC ឬទេ?

វិមានក្រឹមឡាំងបានចេញមុខទាត់ចោលដីកាខាងលើ ដោយចាត់ទុកវាជាមោឃៈ។​ រុស្ស៉ីមិនមែនជាភាគីនៅក្នុងតុលាការ ICC នោះឡើយ ហេតុដូច្នេះ​វាពុំច្បាស់នោះទេថា តើលោកប្រធានាធិបតី រុស្ស៉ី នឹងមានថ្ងៃត្រូវគេធ្វើបត្យាប័នដែរឬអត់ ឬមួយក៏ការធ្វើបត្យាប័នអាចប្រព្រឹត្តទៅ ដោយរបៀបណានោះ។

បើតាមលក្ខខន្តិក​ៈទីក្រុងរ៉ូម បណ្ដាប្រទេសជាសមាជិក ICC​​ ទាំងអស់មានកាតព្វកិច្ចចាប់ខ្លួនប្រសិនបើលោក ពូទីន មានវត្តមាន ឬស្ថិតនៅលើទឹកដីរបស់ពួកគេ ហើយបញ្ជូនរូបលោកទៅកាន់ តុលាការ ICC​។ លោក ពីយ៉ូត ហាហ្វម៉ានស្គី បាននិយាយថាការអនុវត្តដីកាចាប់ខ្លួននឹងអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការរបស់អន្តរជាតិ។ ប៉ុន្តែ និយាយតែមាត់អត់ប្រយោជន៍នោះទេ ហើយ នៅត្រង់នេះអ្វីដែលគេត្រូវដឹង នោះគឺថាតើលោក ពូទីន ជានរណា? ពោលគឺដូចពាក្យដែលគេនិយាយលេងសើច «មាត្រា១ចែងថា៖ មេមិនដែលចេះខុស ហើយបើមេធ្វើខុស ទៅបើកមើលមាត្រា១ ឡើងវិញ»។ រឹតតែសំខាន់ទៅទៀតនោះ ខណៈរុស្ស៉ីជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួបផ្សំនឹងលោក ពូទីន នៅតែបន្តកាន់អំណាចនៅឡើយ ថាតើប្រទេសដែល ស្ថិតនៅក្រោមកាតព្វកិច្ចនេះ ហ៊ានចាប់ខ្លួនលោក ពូទីន ឬក៏អត់? ណាមួយលោក ពូទីន ខ្លួនឯងក៏នឹងមិនធ្វើដំណើរទៅកាន់បណ្ដាប្រទេសដែលកំពុងមានអរិភាព ជាមួយរុស្ស៉ីនោះដែរ។

តាមពិតទៅ ទាំងសហរដ្ឋអាមេរិក រុស្ស៉ី និងអ៊ុយក្រែន មិនមែនជាសមាជិកផ្លូវការរបស់ ICC​ នោះទេ ដោយពួកគេបានត្រឹមចុះហត្ថលេខាលើលក្ខខន្តិក​ៈទីក្រុងរ៉ូម ប៉ុណ្ណោះ ប៉ុន្តែមិនបានផ្ដល់សច្ចាប័ន នោះទេ។ រុស្ស៉ីបានចុះហត្ថលេខាលើលក្ខខន្តិក​ៈទីក្រុងរ៉ូមក្នុងឆ្នាំ២០០០ តែបានដកខ្លួនចេញពី ICC តែម្ដងកាលពីឆ្នាំ២០១៦។ ចំណែកឯ សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើលក្ខខន្តិកៈ ទីក្រុងរ៉ូម នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បៀល គ្លីនតុន (Bill Clinton) តែលោកក៏មិនបានផ្ដល់អនុសាសន៍ឱ្យសភាទាំង២របស់សហរដ្ឋអាមេរិកផ្ដលសច្ចាប័ននោះដែរ។ លើសពីនេះទៅទៀត មកដល់ជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) លោកថែមទាំងធ្លាប់បានដឹកនាំយុទ្ធនាការលុបចោលការចុះហត្ថលេខា របស់សហរដ្ឋអាមេរិក ទៀតផង។

ទាំងលោក បៀល គ្លីនតុន លោក ប៊ូស រហូតដល់ប្រធានាធិបតីអាមេរិកស៊េរីក្រោយដូចជាលោក អូបាម៉ា លោក ត្រាំ រួមទាំងលោក បៃដិន ក៏មិនបានផ្ដល់សច្ចាប័នលើលក្ខខន្តិក​ៈទីក្រុងរ៉ូមនោះដែរ ហើយហេតុផលនោះ គឺខ្លាចក្រែងទាហានអាមេរិកត្រូវបានគេនាំខ្លួនឡើងតុលាការ ICC ឬត្រូវបានចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម។ នរណាៗក៏ដឹងដែរថាសហរដ្ឋអាមេរិកបានប្រឡូកក្នុងវិស័យ សង្រ្គាមយ៉ាងជោគជាំ ហើយក្នុងនោះទៀតសោត ការចោទប្រកាន់ប្រឆាំងនឹងទាហានអាមេរិកដូចជានៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថានជាដើមក៏ធ្លាប់កើតមានផងដែរ តែមិនអាចធ្វើអ្វីចេញ នោះគឺ ដោយសារតែគេត្រូវស្គាល់ថាតើសហរដ្ឋអាមេរិកជានរណា? ក្នុងន័យនេះវាបានបង្ហាញរួចទៅហើយក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលបានដំឡើងសសៃក និងដាក់ទណ្ឌកម្មលើ មន្ត្រីកំពូលៗរបស់ ICC ដែលហ៊ានបើកការស៊ើបអង្កេតប្រឆាំងនឹងទាហានអាមេរិក។ តែយ៉ាងណាក៏ដោយ ការចេញដីកាចាប់ខ្លួនលោក ពូទីន អាចនឹងក្លាយជាការរឹតត្បិតមួយសម្រាប់ការធ្វើដំណើរ ទៅក្រៅប្រទេសរបស់លោក ពូទីន ក៏ដូចជាផ្នែកមួយនៃយុទ្ធនាការការទូតធ្វើឱ្យរុស្ស៉ីឯកោ និងធ្វើឱ្យប៉ះពាល់មុខមាត់របស់រុស្ស៉ី ជាពិសេសគឺលោក ពូទីន នៅលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្រៅតែពីលោក ពូទីន អតីតប្រធានាធិបតីស៊ូដង់ លោក អូម៉ា អាល់ បាសៀ (Omar al-Bashir) និងអតីតមេដឹកនាំលីប៊ីលោក កាដាហ្វី គឺជាធ្លាប់ជាមេដឹកនាំ២រូបគត់ដែលត្រូវបាន ICC ចោទប្រកាន់ជាផ្លូវការ អំឡុងកំពុងកាន់អំណាច។ តែការចោទប្រកាន់ប្រឆាំងលោក កាដាហ្វី បានរលាយរលត់ទៅដោយខ្លួនឯង ក្រោយលោកត្រូវបានគេសម្លាប់នៅក្នុងបដិវត្តន៍កាលពីឆ្នាំ ២០១១។ រីឯ លោក អូម៉ា អាល់ បាសៀ ត្រូវបាន ICC ចោទប្រកាន់ពីបទប្រល័យពូជសាសន៍ក្នុងតំបន់ដាហ្វួរ (Darfur) តែលោកនៅតែអាចកាន់អំណាចបានជាងមួយទសវត្សរ៍ រហូតដល់មានរដ្ឋប្រហារ ទម្លាក់រូបលោកពីអំណាច នៅឆ្នាំ២០១៩។ លោក អាល់ បាសៀ ត្រូវបានការកាត់ទោសនៅក្នុងប្រទេសស៊ូដង់ ពីបទឧក្រិដ្ឋកម្មជាច្រើន តែរូបលោកមិនត្រូវបញ្ជូនទៅកាន់ ឬបង្ហាញខ្លួននៅ ICC ឡើយ៕