(អ៉ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ំា ខាន់ (Imran Khan) នៅថ្ងៃសៅរ៍នេះបានយល់ព្រមចូលខ្លួនបំភ្លឺនៅតុលាការហើយ ដោយសារតែភ័យខ្លាចការចាប់ខ្លួនជុំវិញការប្រឈមមុខដាក់គ្នានៅក្នុងរដ្ឋាភិបាល ដែលនាំទៅដល់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយក្រុមអ្នកគាំទ្ររូបលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។

ប៉ូលិស​បានឆ្មក់​ចូល​ទៅ​ក្នុង​កន្លែងស្នាក់នៅរបស់លោក ​បន្ទាប់​ពីអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ បាន​មក​ដល់​ទីក្រុងអ៉ីស្លាម៉ាបាដ (Islamabad) សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ។ កាលពីដើមសប្តាហ៍នេះ ប៉ូលិស និងក្រុមអ្នកគាំទ្ររបស់លោក ខាន់ បានប៉ះទង្គិចគ្នានៅខាងក្រៅផ្ទះរបស់លោកដែលស្ថិតនៅក្នុងទីក្រុងឡាហ័រ ក្រោយពីមានដីការបង្គាប់ឲ្យចាប់ខ្លួន។

លោក ខាន់ អាយុ ៧០ឆ្នាំ ត្រូវប្រឈមបញ្ហាផ្នែកច្បាប់ដែលរួមទាំងការមិនព្រមចូលខ្លួនបំភ្លឺតាមដីការបង្គាប់របស់តុលាការក្នុងរដ្ឋធានីអ៉ីស្លាម៉ាបាដ ពីបទលក់អំណោយរដ្ឋដោយខុសច្បាប់។ ការដឹកនាំធ្វើការតវ៉ាទូទាំងប្រទេសបន្ទាប់ពីត្រូវបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០២២ និងករណីជាច្រើនទៀត។

គួរបញ្ជាក់ថា សន្តិសុខត្រូវ​បាន​រឹត​បន្តឹង​នៅ​ជុំវិញ​បរិវេណ​តុលាការ ដោយលោក ខាន់ ត្រូវ​បាន​នាំខ្លួនតាមរថយន្ត​ដែល​ហ៊ុំព័ទ្ធ​ដោយក្រុមអ្នកគាំទ្ររបស់លោក។ ដោយឡែក យោធា​ និង​រដ្ឋាភិបាល​ប៉ាគីស្ថាន មិន​បាន​ឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនោះទេ៕