(បែរឡាំង)៖ ទីក្រុងបែរឡាំងកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា រដ្ឋមន្រ្តីអប់រំអាល្លឺំម៉ង់លោកស្រី បេតទីណា ស្តាក-វ៉ាត់ហ្ស៉ីនហ្គើ (Bettina Stark-Watzinger) នឹងធ្វើដំណើរទៅកាន់តៃវ៉ាន់ នៅសប្តាហ៍ក្រោយ ក្នុងនាមជាសមាជិកគណៈរដ្ឋមន្រ្តីអាល្លឺម៉ង់ដំបូងបំផុត ដែលនឹងបំពេញទស្សនកិច្ចនៅដែនកោះនេះ ក្នុងរយៈពេល២៦ឆ្នាំ។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣។

មន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស្រី ស្តាក-វ៉ាត់ហ្ស៉ីនហ្គើ ទៅកាន់កោះតៃវ៉ាន់ នឹងមានរយៈពេល២ថ្ងៃ ហើយវាមានគោលដៅពង្រឹងនិងពង្រីកបន្ថែម កិច្ចសហប្រតិបត្តិការជាមួយទីក្រុងតៃប៉ិ ជុំវិញវិស័យវិទ្យាសាស្រ្ត សិក្សាស្រាវជ្រាវ និងអប់រំ។ ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីអាល្លឺម៉ង់រូបនេះនឹងកើតឡើង បន្ទាប់ពីគណប្រតិភូជាន់ខ្ពស់របស់សភាអាល្លឺម៉ង់ បាន​បំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់ កាលពីខែមករា ឆ្នាំនេះ ក្នុងសកម្មភាពមួយដែលរងការរិះគន់ធ្ងន់ៗពីចិន។ ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់លោកស្រី ស្តាក-វ៉ាត់ហ្ស៉ីនហ្គើ ច្បាស់ជានឹងទទួលរងការបញ្ចេញប្រតិកម្មស្រដៀងគ្នា ពីសំណាក់ទីក្រុងប៉េកាំង មិនខាន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រដដែល អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺំម៉ង់ បានចេញមុខសង្កត់ធ្ងន់ថា ទីក្រុងបែរឡាំងនៅតែរក្សាគោលនយោបាយចិនតែមួយរបស់ខ្លួន ប៉ុន្តែទន្ទឹមគ្នាក៏នៅរក្សាចំណងទាក់ទងល្អ និងជិតស្និទ្ធជាមួយតៃវ៉ាន់ផងដែរ។ ចិនចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាផ្នែកមួយនៃដែនដីរបស់ខ្លួនប៉ុណ្ណោះ ហើយបានប្តេជ្ញាយ៉ាងមុតមាំថា នឹងបង្រួបបង្រួមគ្នាជាមួយ​ដែនកោះនេះវិញនៅថ្ងៃណាមួយ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ជាច្រើនឆ្នាំមកនេះ ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធ​ទាំងផ្នែកយោធា សេដ្ឋកិច្ច និងការទូតជាខ្លាំងទៅលើតៃវ៉ាន់ ដើម្បីបង្ខំឱ្យទីក្រុងតៃប៉ិចុះញ៉ម៕