(ប្រាទីស្លាវ៉ា)៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគីនៅថ្ងៃសុក្រនេះ បានប្រកាសថា ប្រទេសរបស់លោកនឹងបរិច្ចាគយន្តហោះចម្បាំង MiG-29 ចំនួន១៣គ្រឿងឱ្យអ៊ុយក្រែន បន្ទាប់ពីប៉ូឡូញទើបតែបានប្រកាសធ្វើដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក អេដ្វាដ ហេហ្គើ (Eduard Heger) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលស្លូវ៉ាគីបានយល់ព្រមជាឯកច្ឆន្ទ ចំពោះការផ្តល់​យន្តហោះចម្បាំង MiG-29 ចំនួន១៣គ្រឿង ឱ្យទៅអ៊ុយក្រែន ហើយជាមួយគ្នានោះ ទីក្រុងប្រាទីស្លាវ៉ាក៏នឹងបញ្ជូនប្រព័ន្ធមីស៉ីលការពារដែនអាកាសមួយគ្រឿង ឱ្យ​ទីក្រុងកៀវផងដែរ។ ប្រការនេះនឹងធ្វើឱ្យស្លូវ៉ាគីក្លាយជាសមាជិកទី២ របស់អង្គការណាតូ (NATO) ដែលបានប្រកាសបរិច្ចាគយន្តហោះចម្បាំងឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា ប៉ូឡូញបានក្លាយជាប្រទេសណាតូដំបូងគេ ដែលហ៊ានធ្វើយ៉ាងដូច្នោះ នៅពេលប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងវ៉ាសូវីនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 របស់ខ្លួនចំនួន៤គ្រឿង ឱ្យទីក្រុងកៀវ។ ការប្រកាសផ្តល់​យន្តហោះចម្បាំង ដោយប៉ូឡូញនិងស្លូវ៉ាគីនេះ កើតមានឡើង បន្ទាប់ពីអ៊ុយក្រែនបានទទូចសុំម្តងហើយម្តងទៀត ឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិចធ្វើបែបនោះ ដើម្បីជួយការប្រយុទ្ធតស៊ូរបស់ខ្លួន ប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕