(មូស្គូ)៖ នៅក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចអន្តរជាតិលើកទី២៩ របស់ខ្លួន រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក ម៉ាកស៉ីម រ៉េសិតនីកូវ (Maksim Reshetnikov) បាននិយាយថា រុស្ស៊ី និងអ៉ីរ៉ង់ បន្តអនុវត្តកិច្ចព្រមព្រៀងធំៗ បើទោះបីមានសម្ពាធពីខាងក្រៅក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

លោក រ៉េសិតនីកូវ បានគូសបញ្ជាក់ថា «ចំពេលមានសម្ពាធពីខាងក្រៅ យើងនៅតែបន្តអនុវត្តគម្រោងដែលមានសារៈសំខាន់សម្រាប់ប្រទេសរបស់យើង ហើយចាប់ផ្តើមគម្រោងថ្មីៗទៀត។ ខ្សែបណ្តាញទីពីរនៃរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr NPP កំពុងត្រូវបានសាងសង់ ចំណែកការអភិវឌ្ឍន៍នៅឯតំបន់ប្រេងកំពុងដំណើរការ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនៃសេវាកម្មផ្លូវដែកផងដែរ។ ការសាងសង់ផ្នែកផ្លូវដែក គឺស្ថិតនៅក្នុងរបៀបវារៈ និងជាជំហានចាំបាច់សម្រាប់ការពង្រឹងតួនាទីនៃច្រករបៀងដឹកជញ្ជូនខាងជើង-ខាងត្បូង»

លោក រ៉េសិតនីកូវ បានបន្ថែមថា «អ៉ីរ៉ង់គឺជាដៃគូដ៏សំខាន់សម្រាប់រុស្ស៊ី។ ដោយឡែក ប្រទេសដ៏ទៃទៀតក៏បានចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយរុស្ស៉ី ដោយផ្អែកលើការគោរព និងមានទំនុកចិត្តគ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនឆ្នាំ។ ដូច្នេះលទ្ធផលល្អត្រូវសម្រេចបាន ដោយការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ច»

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីអភវិឌ្ឍសេដ្ឋកិច្ចរុស្ស៉ីរូបនេះ កាលពីឆ្នាំ២០២២ ចំណូលពាណិជ្ជកម្មរបស់ខ្លួនបានកើនឡើង ២.៥ដង ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយសារការងាររបស់គណៈកម្មការអន្តររដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូរវាងអាជីវកម្ម។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន ស្តីពីតំបន់ពាណិជ្ជកម្មសេរីរវាងសហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី និងអ៉ីរ៉ង់៕