(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយការពារផែនការ​តម្លៃជាង ២៤៤ពាន់លានដុល្លារអាមេរិក ស្តីពីការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមក្របខណ្ឌ AUKUS បន្ទាប់ពីអតីតមេដឹកនាំអូស្រ្តាលី២រូប បានបញ្ចេញមតិរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

ដោយត្រូវបានបង្ហាញនៅទីក្រុងសាន់ឌីអេហ្គោ (San Diego) កាលពីថ្ងៃអង្គារសប្តាហ៍នេះ គម្រោង AUKUS ខាងលើ នឹងមើលឃើញអូស្រ្តាលីទទួលបាន នាវាមុជទឹកអាមេរិកថ្នាក់ Virginia-class ប៉ុន្មានគ្រឿង នៅកំលុងទសវត្សរ៍ឆ្នាំ២០៣០ ហើយបន្ទាប់មកទីក្រុងកង់បេរ៉ានឹងចូលរួមជាមួយ ទីក្រុងឡុងដ៍និងទីក្រុងវ៉ាស៉ីនតោន ក្នុងការអភិវឌ្ឍ ផលិត និងធ្វើប្រតិបត្តិការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ថ្មីសន្លាងមួយ ហៅថា SNN-AUKUS។

បន្ទាប់ពីមានការរិះគន់ពីសំណាក់លោក ម៉ាខុម ថឺនប៊ូល (Malcolm Turnbull) និងលោក ផូល ឃីធីង (Paul Keating) ដែលសុទ្ធតែជាអតីតនាយករដ្ឋមន្រ្តី លោក អាល់បានីស បានលើកឡើងថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS គឺជារឿងចាំបាច់ ដោយសារការកើនឡើង នៃអំណាចយោធារបស់ចិននៅក្នុង​តំបន់។

កាលពីថ្ងៃព្រហស្បតិ៍ លោក ថឺនប៊ូល បាននិយាយថា គម្រោង AUKUS នឹងប្រើប្រាស់ពេលវេលាយូរជាង ហើយចំណាយច្រើនខ្លាំងជាង ធៀបនឹងផែនការ​ទិញនាវាមុជទឹកធម្មតាពីបារាំង ដែលត្រូវបានទីក្រុងកង់បេរ៉ាលុបចោល កាលពីឆ្នាំ២០២១។ ចំណែក លោក ឃីធីង កាលពីថ្ងៃពុធ បានហៅថាគម្រោង AUKUS ថា ជាកំហុសផ្នែកនយោបាយការបរទេសដ៏ធ្ងន់ធ្ងរបំផុតមួយ របស់គណបក្ស Labor ដែលកំពុងកាន់អំណាច គិតចាប់តាំងពីសម័យសង្រ្គាម​លោកលើកទីមួយមក៕