(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ ផាទ្រីក រ៉ាយឌឺ (Patrick Ryder) បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមិនបានសុំឲ្យរុស្ស៉ីសុំទោស ជុំវិញឧប្បត្តិហេតុយន្តហោះដ្រូននៅសមុទ្រខ្មៅ ដែលកើតឡើងក្នុងសប្តាហ៍នេះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

លោក រ៉ាយឌឺ បានគូសបញ្ជាក់ថា «ទេ យើងមិនបានសុំការសុំទោសទេ។ ជាថ្មីម្តងទៀត ការផ្តោតអារម្មណ៍របស់យើងគឺទៅលើតែការពិត ដើម្បីបញ្ជាក់ឲ្យច្បាស់ជាសាធារណៈ និងឯកជនថា សហរដ្ឋអាមេរិកនឹងបន្តហោះហើរ និងធ្វើប្រតិបត្តិការនៅក្នុងដែនអាកាសអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៊ី នៅពេលយន្តហោះដ្រូនអាមេរិកកំពុងហោះហើរឆ្ពោះទៅព្រំដែនរុស្ស៊ី ដោយប្រព័ន្ធបញ្ជារបស់វាត្រូវបានបិទ។ ក្រោយមកដ្រូននេះ បានបាត់បង់ការគ្រប់គ្រង ដោយសារតែល្បឿនលឿនរបស់វារួចក៏ធ្លាក់ ខណៈយន្តហោះចម្បាំងរុស្ស៊ីដែលហោះប្រដេញ មិនបានបាញ់ទម្លាក់ ឬប៉ះទង្គិចដ្រូននេះទេ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យោធាអាមេរិកបានបញ្ចេញឃ្លីបវីដេអូមួយ ដែលថតដោយកាមេរ៉ាបំពាក់នៅលើយន្តហោះដ្រូនយោធា MQ-9 Reaper ផ្ទាល់នោះ។ ឃ្លីបនោះបានបង្ហាញឲ្យឃើញថាយន្តហោះចម្បាំងរុស្ស៉ី Su-27 ហោះសំដៅមករកដ្រូនអាមេរិក ហើយពេលមកកាន់តែជិត យន្តហោះចម្បាំងរុស្ស៉ីក៏បានបញ្ចេញសាំងទម្លាក់មកលើយន្តហោះដ្រូននោះ ក្នុងសកម្មភាពហោះស្ទាក់របស់ខ្លួន។ ក្រោយមក យន្តហោះ Su-27 ក៏បានហោះសំដៅមករកដ្រូនអាមេរិកម្តងទៀត ដើម្បីបញ្ចេញសាំងទម្លាក់ពីលើដដែល ប៉ុន្តែក៏បានបុកជាមួយដ្រូន MQ-9 Reaper តែម្តង ខណៈក្រោយការប៉ះទង្គិច គេឃើញស្លាបចក្រនៅផ្នែកខាងក្រោយរបស់ដ្រូនអាមេរិក រងការខូចខាតយ៉ាងដំណំ៕