(សេអ៊ូល)៖ កូរ៉េខាងជើង បាននិយាយថាមីស៊ីលមួយគ្រាប់ដែលខ្លួនបានធ្វើតេស្ដកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឈ្មោះ វ៉ាងសុង-១៧ (Hwasong-17) ដែលត្រូវបានបាញ់សាកល្បងកំលុងការធ្វើសមយុទ្ធយោធាមួយ ដើម្បីព្រមានទៅដល់ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានបញ្ចេញរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពលោក គីម ជុងអ៊ុន និងកូនស្រីសំណព្វរបស់លោក ចុះពិនិត្យការបាញ់សាកល្បងមីស៊ីល ព្រមទាំងរូបភាពដែលត្រូវបានផ្ដិតដោយកាមេរ៉ាបំពាក់នៅលើមីស៊ីលផងដែរ។ KCNA បានបញ្ជាក់បន្ថែមដូច្នេះថា «ការធ្វើតេស្ដអាវុធ យុទ្ធសាស្ត្រនេះគឺជាសារព្រមានទៅកាន់សត្រូវ ដែលមានចេតនាបង្កភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ជាមួយការបន្តធ្វើសកម្មភាពយោធាគ្មានទំនួលខុសត្រូវ និងគំរាមកំហែង»

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា បានបាញ់សាកល្បងមីស៊ីល ICBM មួយគ្រាប់ ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន តែប៉ុន្មានប៉ុណ្ណោះ មុននឹង ប្រធានាធិបតីកូរ៉េខាងត្បូង បំពេញទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សាគ្នាពីការទប់ទល់នឹង ការគំរាមកំហែងពីកូរ៉េខាងជើង។ មួយវិញទៀត ការធ្វើតេស្ដមីស៊ីល ធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ មានរយៈពេល ១១ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក៕