(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថាទីក្រុងវ៉ាសូវី នឹងបញ្ជូនយន្ដហោះចម្បាំង MiG-29 ចំនួន ៤គ្រឿង ទៅឱ្យអ៊ុយក្រែន ដែលនេះនឹងធ្វើឱ្យប៉ូឡូញក្លាយជាប្រទេស NATO ដំបូងគេដែលហ៊ានធ្វើបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

អ៊ុយក្រែន បានទទូចស្នើសុំយន្ដហោះចម្បាំងម្ដងហើយម្ដងទៀតពីសម្ព័ន្ធមិត្តលោកខាងលិច បញ្ជូនយន្ដហោះចម្បាំងមកឱ្យទាហានរបស់ខ្លួនជាបន្ទាន់ ដោយផ្តោតជាចម្បង លើការស្នើសុំយន្ដហោះចម្បាំងអាមេរិក F-16 ប៉ុន្តែមកទល់នឹងពេលនេះ គ្មានប្រទេសលោកខាងលិចណាមួយសន្យាថានឹងផ្ដល់យន្ដហោះចម្បាំងដល់ទីក្រុងកៀវឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងយន្ដហោះចម្បាំង MiG-29 ផលិតដោយសូវៀត លោក ឌូដា បានគូសបញ្ជាក់ដូច្នេះថា «នៅប៉ុន្មានថ្ងៃខាងមុខ យើងនឹងបញ្ជូន យន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែន ហើយបើខ្ញុំចាំមិនភ្លេចទេ វាមានចំនួន៤គ្រឿង»។ លោកបន្ថែមថាពីឡុតអ៊ុយក្រែនអាចប្រើ MiG-29 ទាំងនេះ ដោយមិនចាំបាច់ទទួល ការបណ្ដុះបណ្ដាលបន្ថែមនោះទេ។

គួរបញ្ជាក់ថា ការបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ត្រូវបានក្រុមអ្នកវិភាគលោកខាងលិចមើលឃើញថាជាការវិវត្តមួយយ៉ាងសំខាន់ ក្នុងសង្រ្គាមសព្វថ្ងៃ ហើយវានឹង ជួយពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ក្នុងការការពារទប់ទល់ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល និងការយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី៕