(វ៉ាស៉ីនតោន)៖ ទីបំផុតយោធាអាមេរិកបានបញ្ចេញឃ្លីបវីដេអូ ដែលបង្ហាញពីទិដ្ឋភាពកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅពេលយន្តហោះដ្រូនស៉ើបការណ៍​របស់អាមេរិកមួយគ្រឿង ត្រូវបានយន្តហោះចម្បាំងរុស្ស៉ីហោះស្ទាក់នៅលើតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

ក្នុងឃ្លីបវីដេអូនោះ ដែលថតដោយកាមេរ៉ាបំពាក់នៅលើយន្តហោះដ្រូនយោធា MQ-9 Reaper ផ្ទាល់ គេមើលឃើញយន្តហោះចម្បាំងរុស្ស៉ី Su-27 មួយគ្រឿង បានហោះសំដៅមករកដ្រូនអាមេរិក ហើយពេលមកកាន់តែជិត យន្តហោះចម្បាំងរុស្ស៉ីក៏បានបញ្ចេញសាំងទម្លាក់មកលើយន្តហោះដ្រូននោះ ក្នុងសកម្មភាពហោះស្ទាក់របស់ខ្លួន។ ក្រោយមក យន្តហោះ Su-27 ក៏បានហោះសំដៅមករកដ្រូនអាមេរិកម្តងទៀត ដើម្បីបញ្ចេញសាំងទម្លាក់ពីលើដដែល ប៉ុន្តែក៏បានបុកជាមួយដ្រូន MQ-9 Reaper តែម្តង ខណៈក្រោយការប៉ះទង្គិច គេឃើញស្លាបចក្រនៅផ្នែកខាងក្រោយរបស់ដ្រូនអាមេរិក រងការខូចខាតយ៉ាងដំណំ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់យោធាអាមេរិក ក្រុមអ្នកធ្វើប្រតិបត្តិការយន្តហោះដ្រូន MQ-9 Reaper ត្រូវបានបង្ខំឱ្យបញ្ជាទម្លាក់វាចោលទៅ​ក្នុងផ្ទៃសមុទ្រខ្មៅ។ រុស្ស៉ីបានបដិសេធថា យន្តហោះចម្បាំងរបស់ខ្លួន មិនបានបុកជាមួយយន្តហោះដ្រូនអាមេរិក កំលុងសកម្មភាពហោះស្ទាក់ឡើយ៕