(អង់ការ៉ា)៖ មួយថ្ងៃមុនពេលប្រធានាធិបតីហ្វាំងឡង់ សូលលី នីអ៉ីននីសតូ (Sauli Niinisto) ធ្វើដំណើរមកកាន់ទីក្រុងអង់ការ៉ា មន្ត្រីតួកគីចំនួនពីររូបបានបង្ហើបឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សភារបស់ប្រទេសតួកគីនឹង «ទំនងជា» ផ្តល់សច្ចាប័នលើការចូលជាសមាជិកក្នុងអង្គណាតូ (NATO) របស់ហ្វាំងឡង់ នៅមុនពាក់កណ្តាលខែមេសា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

សភានៃប្រទេសជាសមាជិកទាំង ៣០ នៅក្នុងអង្គការណាតូត្រូវតែផ្តល់សច្ចាប័ន លើរាល់ដំណើរការចូលជាសមាជិកភាពថ្មីណាមួយ។ ក្រៅពីប្រទេសហុងគ្រី តួកគី គឺជាសមាជិកតែមួយគត់ដែលមិនទាន់បានផ្តល់ភ្លើងបៃតង ដល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។ មន្ត្រីជាន់ខ្ពស់តួកគីមួយរូប បានប្រាប់ Reuters ថា ការស្នើសុំរបស់ហ្វាំងឡង់នឹងត្រូវបានអនុម័ត ដោយឯករាជ្យពីប្រទេសស៊ុយអែត។

រីឯមន្ត្រីម្នាក់ទៀតដែលដឹងអំពីបញ្ហានេះបាននិយាយថា វិធីសាស្រ្តដោះស្រាយរបស់ប្រទេសហ្វាំងឡង់ ចំពោះអង្គការដែលខ្លួនចាត់ទុកថាជាភេរវករ គឺស្របតាមការចង់បានរបស់ទីក្រុងអង់ការ៉ា។ មន្រ្តីដដែលនេះ បានគូសបញ្ជាក់ថា វាទំនងជានឹងអាចសម្រេចបាន នូវសមាជិកភាពរបស់ហ្វាំងឡង់ក្នុងអង្គការណាតូ មុនសភាបិទទ្វារហើយរៀបចំការបោះឆ្នោត»។

គួរបញ្ជាក់ថា សភាតួកគីនឹងត្រូវបិទទ្វារនៅពាក់កណ្តាលខែមេសា មុនការបោះឆ្នោតសភា និងប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែឧសភា។ ដោយឡែក សម្រាប់កិច្ចពិភាក្សារវាងស៊ុយអែត និងតួកគីវិញ គឺមិនសូវមានភាពរីកចម្រើនទេ ជាពិសេសបន្ទាប់ពីមានជម្លោះជាច្រើន ដែលភាគច្រើនដោយសារតែការតវ៉ាតាមដងផ្លូវដោយក្រុមគាំទ្រជនជាតិឃឺដ នៅទីក្រុងស្តុកខុល៕