(រីយាដ)៖ មន្ត្រីមួយរូបរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ធ្លាប់មកជួបថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ២០២២ ដើម្បីគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការដើរតួនាទីជា «ស្ពាន» តភ្ជាប់រវាងអារ៉ាប៊ីសាអូឌីត និងប្រទេសអ៉ីរ៉ង់ ដែលនេះបាននាំទៅរកការចាប់ផ្តើមកិច្ចចរចាដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

ដោយសារតែការពណ៌នាអំពីដំណើរការកិច្ចព្រមព្រៀងនេះ អាចជះឥទ្ធិពលពាសពេញតំបន់មជ្ឈិមបូព៌ា មន្ត្រីអារ៉ាប៊ីសាអូឌីតរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការសន្ទនាលើកដំបូងរវាងលោក ស៉ី និងព្រះអង្គម្ចាស់រជ្ជទាយាទ ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានធ្វើឡើងក្នុងជំនួបទ្វេភាគីនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងរីយាដ (Riyadh) កាលពីខែធ្នូ ឆ្នាំ២០២២។

មន្ត្រីដដែលរូបនោះ បានគូសបញ្ជាក់ថា «កាលណោះ ព្រះអង្គម្ចាស់រជ្ជទាយាទបានស្វាគមន៍ចំពោះបំណងរបស់លោកប្រធានាធិបតីចិន ហើយក្រោយមកទីក្រុងរីយាដ មើលឃើញថាគឺមានតែទីក្រុងប៉េកាំងមួយគត់ ដែលអាចទប់ទល់នឹងការដណ្តើមឥទ្ធិពលគ្នា នៅតំបន់ឈូងសមុទ្រ។ ជាពិសេសនោះ សម្រាប់អ៉ីរ៉ង់ ប្រទេសចិនគឺលេខ១ និងលេខ ២សម្រាប់ទំនាក់ទំនងជាមួយដៃគូអន្តរជាតិ។ ដូច្នេះឥទ្ធិពលរបស់ចិនគឺមានសារៈសំខាន់ ហើយមិនមានជម្រើសផ្សេងដូច»

គួរបញ្ជាក់ថា កន្លងមក ប្រទេសចិនបានបំផុសឲ្យមានជំនួបរវាងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ អំឡុងកិច្ចប្រជុំកំពូលក្នុងតំបន់មួយនៅប្រទេសហ្ស៊កដានី កាលពីចុងខែធ្នូ ឆ្នាំ២០២២។ ក្រោយមក ជាកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអនុប្រធានាធិបតីអ៉ីរ៉ង់ អំឡុងពិធីស្បថចូលកាន់ដំណែងជាផ្លូវការរបស់ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា កាលពីខែមករា និងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ទៅកាន់ទីក្រុងប៉េកាំងក្នុងខែកុម្ភៈ៕