(វ៉ាស៉ីនតោន)៖ នៅទីបំផុតទៅ ព្រឹទ្ធសភាអាមេរិក ​នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទទួលស្គាល់លោក អេរីក ហ្កាសេតទី (Eric Garcetti) ដែលត្រូវបានតែងតាំងដោយលោក ប្រធានាធិបតី ចូ បៃដិន ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌាហើយ បិទបញ្ចប់ភាពរកាំរកូសជាង២ឆ្នាំមកនេះ ជុំវិញការចោទប្រកាន់ថាអតីតចៅហ្វាក្រុងឡូស អាន់ជែលឡែសរូបនេះបរាជ័យ ក្នុងការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការបៀតបៀននៅកន្លែងការងាររបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។​

ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតគាំទ្របេក្ខភាពជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសឥណ្ឌារបស់លោក Garcetti ក្នុងសំឡេងគាំទ្រ ៥២ ទល់នឹង៤២សំឡេងជំទាស់ ខណៈសមាជិកព្រឹទ្ធសភាចំនួន ៧ រូបមកពីគណបក្សសាធារណរដ្ឋបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីបោះឆ្នោតគាំទ្រលោក Garcetti។ រីឯសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ៣រូប បានចូលរួមជាមួយបក្ស សាធារណរដ្ឋដើម្បីបោះឆ្នោតប្រឆាំងនឹងអតីតចៅហ្វាយក្រុងឡូស អាន់ជែលឡែសរូបនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មិនមានឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសឥណ្ឌា ចាប់តាំងពីខែមករា ឆ្នាំ២០២១មកម្ល៉េះ ដែលនេះត្រូវបានគេមើលឃើញថាជាកំហុសឆ្គងមួយ ក្នុងបរិបទ សហរដ្ឋអាមេរិក កំពុងបញ្ចុះបញ្ចូលឱ្យឥណ្ឌាចូលរួមពេញទំហំជាមួយលោកខាងលិច ដើម្បីខ្ទប់ការកើនឡើងឥទ្ធិពលចិន និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែន៕