(អ៉ីស្លាម៉ាបាដ)៖ នៅថ្ងៃពុធនេះ កងកម្លាំងសន្តិសុខប៉ាគីស្ថាន បានសម្រេចដកថយចេញពីបរិវេណជុំវិញផ្ទះរបស់ អតីតនាយករដ្ឋមន្រ្តី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ក្រោយការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្ររូបលោក ដែលបានកើតឡើង បន្ទាប់ពីប៉ូលិសព្យាយាមចាប់ខ្លួន លោក ខាន់ តាមបង្គាប់របស់​តុលាការ សម្រាប់ការមិនចូលបង្ហាញខ្លួន ក្នុងសំណុំរឿងមួយពាក់ព័ន្ធការលក់អំណោយរបស់រដ្ឋ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

ក្រុមមន្រ្តីប៉ូលិសនិងមន្រ្តីសន្តិសុខដទៃទៀត ត្រូវបានប្រទះឃើញនាំគ្នាចាកចេញពីតំបន់មួយក្នុងទីក្រុងឡាហ័រ (Lahore) ជាទីដែលផ្ទះលោក ខាន់ ស្ថិតនៅ បន្ទាប់ពីមុននោះ ពួកគេបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងទឹក ទៅលើក្រុមអ្នកគាំទ្ររាប់រយនាក់ របស់លោកអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដែលបាន​ប្រមូលផ្តុំគ្នាបិទផ្លូវចូលកាន់ផ្ទះរបស់លោក ដើម្បីរារាំងប្រតិបត្តិការចាប់ខ្លួនរបស់កងកម្លាំងសន្តិសុខ។ អាជ្ញាធរប៉ាគីស្ថានបានប្រាប់ថា ប្រតិបត្តិការចាប់ខ្លួន លោក ខាន់ ត្រូវបានផ្អាក ដោយសារតែព្រឹត្តិការណ៍ប្រកួតកីឡាមួយ ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃពុធនេះ នៅទីក្រុង ​Lahore។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន តុលាការនៃរដ្ឋធានីអ៉ីស្លាម៉ាបាដ បានចេញដីកាឱ្យចាប់ខ្លួន លោក អ៉ីមរ៉ាន់ ខាន់ ដែលបានប្រឆាំងនឹងការបង្គាប់ឱ្យលោក ចូលបង្ហាញខ្លួនក្នុងសវនាការ ពាក់ព័ន្ធសំណុំរឿងមួយ ដែលចោទប្រកាន់រូបលោកថា បានលក់ដោយខុសច្បាប់នូវអំណោយរបស់រដ្ឋ ដែលឥស្សរជនបរទេស​បានផ្តល់ឱ្យមកលោក នៅពេលលោកមានតួនាទីជានាយករដ្ឋមន្រ្តីប៉ាគីស្ថាន កាលពីចន្លោះឆ្នាំ២០១៨-២០២២៕