(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍នៅថ្ងៃពុធនេះថា ការស្នើវិសោធនកម្មច្បាប់សញ្ជាតិរុស្ស៊ី នឹងអនុញ្ញាតឲ្យមានការដកហូតសញ្ជាតិ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ និងការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក កូស្តែនទីន ហ្សាទូលីន (Konstantin Zatulin) អនុប្រធានទីមួយនៃគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការអន្តររដ្ឋាភិបាល នៅក្នុងតំបន់អឺរ៉ាស៉ី (CIS) គូសបញ្ជាក់ថា «ការធ្វើវិសោធនកម្មច្បាប់ នឹងកំណត់ការដកហូតសញ្ជាតិរបស់អ្នកដែលជំទាស់ ឬធ្វើឲ្យខូចកេរ្តិ៍ឈ្មោះប្រតិបត្តិការយោធាពិសេស។ សំណើធ្វើវិសោធនកម្មនេះ ត្រូវបានដាក់ជូនគណៈកម្មាធិការសភារុស្ស៉ីរួចរាល់ហើយ»

វិមានក្រឹមឡាំងអះអាងថា តាមការស្ទង់មតិ ប្រជាជនរុស្ស៉ីភាគច្រើនគាំទ្រសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។ យ៉ាងនេះក្តី មនុស្សរាប់សែននាក់ដែលមិនយល់ស្រប នឹងការសម្រេចចិត្ត ឬភ័យខ្លាចត្រូវចាត់ឲ្យទៅធ្វើសង្រ្គាម បានរត់ភៀសខ្លួនចេញពីប្រទេស ហើយអ្នកបដិសេធត្រូវបានគេចាត់ទុកថាធ្វើឲ្យខូចកិត្តិយសកងទ័ព។ ការធ្វើឲ្យខូចកិត្តិយសកងទ័ព អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ខណៈការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា អាចជាប់ពន្ធនាគារយៈពេល ១៥ឆ្នាំ។

គួរបញ្ជាក់ថា CIS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយរុស្ស៉ី និងក្រុមប្រទេសនៃអតីតសាធារណរដ្ឋសូវៀត។ ដោយផ្អែកលើទិន្នន័យពីក្រសួងកិច្ចការផ្ទៃក្នុងរបស់រុស្ស៉ី កាលពីឆ្នាំ២០២២ មានមនុស្សជាង ៦៩១,០០០នាក់ បានទទួលសញ្ជាតិរុស្ស៊ី ដោយក្នុងនោះជិតពាក់កណ្តាលមកពីប្រទេសក្នុងតំបន់អឺរ៉ាស៉ី៕