(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថ្ងៃពុធនេះថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនមានសារៈសំខាន់ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ក៏ដូចជាការពារខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក យូន បានគូសបញ្ជាក់ប្រាប់សារព័ត៌មានយ៉ាងដូច្នេះថា «វាមានតម្រូវការកាន់តែខ្លាំងដែលត្រូវឲ្យកូរ៉េ និងជប៉ុន សហការគ្នាក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច ចំពេលការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើងកាន់តែកើនឡើង ហើយខ្សែចង្វាក់ផ្គត់ផ្គង់សកលក៏ត្រូវបានរំខាន។ ដូច្នេះយើងមិនអាចខ្ជះខ្ជាយពេល ទុកឲ្យទំនាក់ទំនងប្រទេសទាំងពីរគ្មានការយកចិត្តទុកដាក់នោះទេ»។

លោក យូន បានបន្ថែមថា «វាដល់ពេលហើយដែលប្រជាជននៃប្រទេសទាំងពីរ ត្រូវបន្តឆ្ពោះទៅមុខជាជាងប្រឈមមុខនឹងអតីតកាល។ ជប៉ុនក៏បានធ្វើការសុំទោសដោយស្មោះអស់ពីចិត្ត ទាក់ទងនឹងរបបគ្រប់គ្រងនាសម័យអាណានិគមរបស់ខ្លួន តាមរយៈគោលជំហររបស់រដ្ឋាភិបាលមុនៗ។ អ្វីដែលសំខាន់គឺត្រូវធានាថា ការទទួលខុសត្រូវនិងអាកប្បកិរិយាបែបនេះ នៅតែបន្តមិនផ្លាស់ប្តូរ»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក យូន នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិខាងលើនេះ គឺនៅគ្រាដែលលោកត្រៀមចេញដំណើរទៅកាន់ទីក្រុងតូក្យូ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយមេដឹកនាំកូរ៉េខាងត្បូង ក្នុងរយៈពេល ១២ឆ្នាំ៕