(តៃប៉ិ)៖ បេក្ខជនដែលទំនងនឹងក្លាយជាអ្នកតំណាងរបស់គណបក្សកាន់អំណាច ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំក្រោយ គឺអនុប្រធានាធិ​បតីតៃវ៉ាន់ លោក វីលៀម ឡៃ (William Lai) នាថ្ងៃពុធនេះបានសន្យាថា រូបលោកប្តេជ្ញាការពារដែនកោះនេះពីចិន ហើយធានាឱ្យបាន​នូវសុខសន្តិភាព។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស DPP ស្របពេលដែលលោកបានចុះឈ្មោះជាផ្លូវការ ដើម្បីប្រជែងយកតំណែងជាបេក្ខជនចម្បង ដើម្បីតំណាង​ឱ្យបក្ស សម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលត្រូវប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៤ លោក ឡៃ បាននិយាយថា តៃវ៉ាន់ស្ថិតនៅខ្សែបន្ទាត់សមរភូមិមុខ​នៃលទ្ធិប្រជាធិបតេយ្យ ដែលប្រឈមនឹងការដាក់សម្ពាធផ្នែកការទូតក៏ដូចជាយោធាដោយផ្ទាល់ពីប្រទេសចិន។ លោក ឡៃ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពួកយើងត្រូវតែរួមសាមគ្គីគ្នា និងបន្តធ្វើឱ្យតៃវ៉ាន់កាន់តែរឹងមាំ ព្រមទាំងការពារខ្សែបន្ទាត់ជួរមុខនេះ ហើយធានានូវសន្តិសុខរបស់តៃវ៉ាន់»។

លោក វីលៀម ឡៃ បានក្លាយជាប្រធានគណបក្ស DPP កាលពីខែមករា ឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានលាលែងពីតំណែងជាប្រធានបក្ស កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយគណបក្ស DPP ទទួលបានលទ្ធផលមិនល្អ ក្នុងការបោះឆ្នោតថ្នាក់តំបន់។ លោកស្រី សៃ មិនអាចឈរឈ្មោះម្តងទៀតជាបេក្ខជនប្រធានាធិបតីឡើយ ដោយសារតែការកំណត់អាណត្តិក្រោមរដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា បើតាមការអះអាងរបស់គណបក្ស DPP ការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីចម្បង ដើម្បីតំណាងឱ្យបក្សរបស់ខ្លួន នឹងត្រូវធ្វើឡើង​ប្រសិនបើមានអ្នកចុះឈ្មោះចាប់ពី២នាក់ឡើងទៅ។ យ៉ាងណាមិញ លោក ឡៃ ត្រូវមតិភាគច្រើនមើលឃើញថា នឹងឈ្នះក្នុងការជ្រើសរើសនេះ។ ដោយឡែក គណបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ គឺគណបក្សគូមីនតាង (Kuomintang) ឬ KMT ដែលពីដើមមក មាននិន្នាការចង់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយចិន គឺមិនទាន់បានសម្រេចលើបេក្ខជនប្រធានាធិបតីរបស់ខ្លួននៅឡើយទេ៕