(តូក្យូ)៖ សមាជិកសភាមួយរូបដែលគេស្គាល់ថាជា YouTuber គឺលោក យ៉ូស៉ិកាហ្សូ ហ៉ីហ្គាស៉ិតានី (Yoshikazu Higashitani) ត្រូវបានសភាជប៉ុនបានបណ្តេញចេញពីមុខតំណែងនៅថ្ងៃពុធនេះ ព្រោះមិនធ្លាប់ មកធ្វើការម្តងណាឡើយ ខណៈលោកគឺជាបុគ្គលដំបូងគេដែលត្រូវបណ្តេញដោយសភារបស់ប្រទេសជប៉ុន ក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

លោក ហ៉ីហ្គាស៉ិតានី ដែលអ្នកលេងអ៉ីនធឺណេតស្គាល់ថាឈ្មោះ ហ្គាស៉ី (GaaSyy) ត្រូវបានបង្គាប់ឲ្យសុំទោសចំពោះការអវត្តមានរបស់លោក អស់រយៈពេលជាច្រើនខែ គិតចាប់តាំងពីដើមខែមីនាមក។ លោក ហ៉ីហ្គាស៉ិតានី អាយុ ៥១ឆ្នាំ មិនបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់សភាចាប់តាំងពីការបោះឆ្នោត នៅខែកក្កដាឆ្នាំ២០២២ ទោះបីជាមានការតម្រូវក៏ដោយ។ លោក ហ៉ីហ្គាស៉ិតានី ដែលស្ថិតក្នុងចំណោម សមាជិកជាប់ឆ្នោតពីរនាក់ នៃគណបក្ស Seijika Joshi 48 ឬ Politician Girls 48 ក៏មិនធ្លាប់បានចូលរួមសម័យប្រជុំសភានោះដែរ។

លោក ហ៉ីហ្គាស៉ិតានី ជាអតីតអ្នកជំនួញកំពុងស្នាក់នៅផ្ទះរបស់លោក ដែលស្ថិតនៅឯទីក្រុងឌូបៃ ហើយអះអាងថាលោកអាចនឹងត្រូវចាប់ខ្លួនប្រសិនបើត្រឡប់ទៅជប៉ុនវិញ ជាកន្លែងដែលគាត់ត្រូវបានគេរាយការណ៍ថា ប្រឈមមុខនឹងការសាកសួរជុំវិញការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។

គួរបញ្ជាក់ថា សភាជាន់ខ្ពស់របស់ជប៉ុនបានសម្រេចបណ្តេញលោក យ៉ូស៉ិកាហ្សូ ហ៉ីហ្គាស៉ិតានី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយប្រកាសផ្លូវការនៅថ្ងៃពុធនេះ។ លោក ហ៉ីហ្គាស៉ិតានី នឹងត្រូវជំនួសដោយសមាជិក ម្នាក់ទៀតនៃគណបក្សរបស់លោក៕