(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោកខាងលិចថា កំពុងតែជំរុញឱ្យ​មានការប្រឈមមុខដាក់គ្នារាប់ឆ្នាំ នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក បន្ទាប់ពីសម្ព័ន្ធភាពត្រីភាគី AUKUS បានប្រកាសពីការឯកភាពគ្នា ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

លោក ឡាវរ៉ូវ បានលើកឡើងយ៉ាងដូច្នេះថា «លោកខាងលិច តាមរយៈការបង្កើតសម្ព័ន្ធភាពដូចជា AUKUS ជាដើម ហើយនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់អង្គការណាតូ (NATO) ជ្រៀតចូលមកក្នុងអាស៉ី កំពុងតែត្រៀមឱ្យមានការប្រឈមមុខគ្នាជាច្រើនឆ្នាំ នៅក្នុងតំបន់នេះ»។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ចាំបាច់ត្រូវតែឆ្លងកាត់ ការត្រួតពិនិត្យវាយតម្លៃហ្មត់ចត់របស់អន្តរជាតិ ដោយសារវានៅមានសំណួរជាច្រើន ពាក់ព័ន្ធនឹងបញ្ហាជុំវិញសន្ធិសញ្ញាស្តីពី​ការមិនរីកសាយនៃនុយក្លេអ៊ែរ។

គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសបន្ថែមពីព័ត៌មានលម្អិត ស្ដីពីវិធីដែលអូស្ត្រាលី ត្រូវទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងកាលពីជាង១៨ខែមុន។ ទីក្រុងកង់បេរ៉ានឹងអាចទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក បានរហូតដល់៥គ្រឿង ហើយបន្ទាប់មកនឹងអភិវឌ្ឍនាវាមុជទឹកម៉ូដែលថ្មីមួយ ដោយប្រើបច្ចេកវិទ្យាអាមេរិកនិងអង់គ្លេស នៅក្រោមផែនការសំដៅពង្រឹងសាច់ដុំរបស់លោកខាងលិច នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចំពោះមុខកើនឡើង​ឥទ្ធិពលរបស់ចិន៕