(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបដិសេធទាំងស្រុងតែម្តងនោះឡើយ ជុំវិញលទ្ធភាពប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំក្រុមប្រទេស G20 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែកញ្ញា ក្នុងរដ្ឋធានីញូដេលីនៃ​ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

នៅពេលក្រុមអ្នកកាសែតសាកសួរថា តើលោក ពូទីន អាចនឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌា ដែរឬយ៉ាងណានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា «លទ្ធភាពគឺមិនអាចត្រូវបដិសេធទាំងស្រុងឡើយ។ ប្រទេសរុស្ស៉ីបន្ត​ចូលរួមយ៉ាងពេញលេញក្រោមក្របខណ្ឌ G20 ហើយមានបំណងនៅតែបន្តធ្វើបែបនោះទៀត។ យ៉ាងណាក្តី មិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ»

គួរបញ្ជាក់ថា គិតចាប់តាំងតែពីរូបលោក បានចេញបញ្ជាឱ្យយោធារុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មកទល់នឹងពេលនេះ លោក វ៉្លាឌីមៀ ពូទីន មិនទាន់បានធ្វើដំណើរហួសពីព្រំប្រទល់នៃអតីតសហភាពសូវៀតនៅឡើយទេ ពោលគឺលោកប្រធានាធិបតីរុស្ស៉ី បានត្រឹមធ្វើទស្សនកិច្ច​ទៅកាន់បណ្តាប្រទេសនៅតំបន់អាស៉ីកណ្តាល ដែលជាអតីតរដ្ឋសូវៀតប៉ុណ្ណោះ។ ចំណែកកាលពីកិច្ចប្រជុំកំពូល G20 ខែវិច្ឆិកា ឆ្នាំមុន ដែលធ្វើឡើងនៅលើ​កោះបាលីនៃប្រទេសឥណ្ឌូណេស៉ី គឺលោក ពូទីន មិនបានចូលរួមទេ ដោយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានទៅចូលរួមជំនួស៕