(តៃប៉ិ)៖ នៅថ្ងៃអង្គារនេះ តៃវ៉ាន់បានតាំងបង្ហាញគំរូម៉ូដែលថ្មីៗ នៃយន្តហោះដ្រូនយោធារបស់ខ្លួន ដែលផលិតឡើងនៅក្នុងស្រុកផ្ទាល់ ហើយទីក្រុងតៃប៉ិបាន​និយាយថា ពួកវាគឺជាគន្លឹះនៅក្នុងសង្រ្គាមជាមួយគូបដិបក្ខ​ ដែលមានកម្លាំងខ្លាំងលើសលប់ជាងខ្លួន ដូចជាយោធារបស់ចិនជាដើម។ នេះបើតាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានជំរុញឱ្យយោធាតៃវ៉ាន់ផ្តោតកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់ខ្លួន រួមមានទាំងការអភិវឌ្ឍ​យន្តហោះដ្រូនផងដែរ។ នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញកម្រមួយ នៃសមត្ថភាពយន្តហោះដ្រូនរបស់ខ្លួន វិទ្យាស្ថានជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជុងសាន (Chung-Shan) ហៅកាត់ NCSIST ដែលគ្រប់គ្រងដោយយោធាតៃវ៉ាន់ បានបញ្ចេញដ្រូនម៉ូដែលថ្មីៗចុងក្រោយបង្អស់ ក្នុងនោះមានទាំងដ្រូនឈ្លបការណ៍ អាល់បាត្រូស ធូ (Albatross II) ហើយនិងពួកដូនប្រយុទ្ធ ដែលធ្វើប្រតិបត្តិការដោយប្រើប្រព័ន្ធផ្កាយរណប GPS។

លោក អាត ចាង (Art Chang) ប្រធាន NCSIST បាននិយាយថា សង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែនបាននាំឱ្យមានការផ្តោតសំខាន់ទៅលើដ្រូន ហើយវិទ្យាស្ថានលោក បានចាប់ដៃគូសហការជាមួយបណ្តាក្រុមហ៊ុនតៃវ៉ាន់បង្កើតក្រុមការងារថ្នាក់ជាតិមួយ ដើម្បីអភិវឌ្ឍយន្តហោះដ្រូនយោធា ដែលមានសមត្ថភាពខ្ពស់។ កន្លងមក យោធាតៃវ៉ាន់ធ្លាប់បានប្រកាស អំពីភាពជាដៃគូមួយជាមួយក្រុមហ៊ុនផ្សេងៗ ដែលមានគោលដៅផលិតដ្រូនឱ្យបាន៣,០០០គ្រឿង នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ទោះបីយោធាតៃវ៉ាន់មានការបំពាក់សព្វាវុធ និងទទួលការហ្វឹកហាត់យ៉ាងល្អប្រសើរក៏ដោយ បើប្រៀបធៀបជាមួយចិនគឺភាគីទាំងពីរមានកម្លាំងខុសគ្នាដាច់។ ក្នុងរបាយការណ៍ផ្ញើទៅកាន់សភាតៃវ៉ាន់ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា ចិនកំពុងកសាងសមត្ថភាពប្រយុទ្ធរបស់ខ្លួនយ៉ាងរហ័ស ជាមួយយន្តហោះដ្រូន។ ដូច្នេះហើយជាការឆ្លើយតប តៃវ៉ាន់នឹងផ្តោតទៅលើការអភិវឌ្ឍយន្តហោះដ្រូនស៉ើបការណ៍និងប្រយុទ្ធរបស់ខ្លួន រួមជាមួយប្រព័ន្ធ​សម្រាប់ប្រឆាំងយន្តហោះដ្រូន៕