(កង់បេរ៉ា)៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) នៅថ្ងៃអង្គារនេះបាននិយាយថាអូស្រ្តាលីបានជូនដំណឹងដល់ចិន ជុំវិញកិច្ចព្រមព្រៀងស្ដីពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប៉ុន្តែមិនទាន់ទទួលបានចម្លើយឆ្លើយតបណាមួយពីទីក្រុងប៉េកាំងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសុន្ទករថាខ្លីមួយតាមកញ្ចក់ទូរទស្សន៍ លោក ម៉ាឡែស បានឱ្យដឹងទៀតថារដ្ឋាភិបាលអូស្ត្រាលីបានហៅទូរស័ព្ទច្រើនជាង៦០លើក ទៅកាន់បណ្ដាមេដឹកនាំជាច្រើន ក្នុងនោះរួមមាន ទាំងមេដឹកនាំក្នុងតំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ ដើម្បីជូនដំណឹងពីកិច្ចព្រមព្រៀងស្ដីពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្រោម ក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS។

គួរបញ្ជាក់ថា មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី នៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសបន្ថែមពីព័ត៌មានលម្អិតស្ដីពីវិធីដែលអូស្ត្រាលី ត្រូវទិញនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងកាលពីជាង១៨ខែមុន។

នៅក្រោមកិច្ចព្រមព្រៀង AUKUS ដែលគោលដៅចម្បងខ្ទប់ការកើនឡើងឥទ្ធិពលចិន តាមរយៈការថែរក្សា «ឥណ្ឌប៉ាស៊ីហ្វិកសេរី និងបើកចំហ» អូស្ត្រាលីនឹងទិញនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៣៦៨ពាន់លានដុល្លារ ជាមួយជម្រើសទិញ២គ្រឿងបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលនឹងត្រូវធ្វើនៅដើមទសវត្សរ៍ឆ្នាំ២០៣០។

ប្រទេសទាំង៣ ក៏បានប្ដេជ្ញាផងដែរលើកិច្ចសហប្រតិបត្តិការស្ដីពីសមត្ថភាព AI អាវុធល្បឿនលឿនជាងសំឡេង និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ហើយសហរដ្ឋអាមេរិកនឹងបង្កើន ការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរឱ្យទៅធ្វើទស្សនកិច្ចឈប់សំចតនៅឯកំពង់ផែនៃប្រទេសអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕